ឌឺ​មែស! ​Jose ​ថា​មក​ពី​អ្នក​គាំទ្រ​ជេរ​លោក​មុន ទើប​លោក​បង្ហាញ​កាយវិការ​នេះ

លោក Jose Mourinho ​បាន​បង្ហាញ​កាយ​វិការ​មិន​សមរម្យ​មួយ​ដាក់​អ្នក​គាំទ្រ Juventus ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ឈ្នះ​ក្នុង​លទ្ធផល ១-២។

នៅ​ទឹក​ដី​អ៊ីតាលី ​បិសាច​ក្រហម​ពិត​ជា​មាន​សំណាង​មែន ដោយ​អាច​វាយ​បក​យក​ឈ្នះ​បាន​វិញ ​ក្នុង​លទ្ធផល ១-២។ Ronaldo ​ស៊ុត​ឱ្យ Juventus ​នាំ​មុខ​មុន ​ប៉ុន្តែ​១​គ្រាប់​នោះ ត្រូវ​បាន Mata ​ទាត់​ហ្វ្រីឃីក​តាម​បាន​ស្មើ​វិញ។ យ៉ាងណាមិញ​នៅ​ចុង​ម៉ោង​ទៅ​ហើយ ​បែរ​ជា Sandro ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​ទៀត ​ធ្វើ​ឱ្យ Man Utd ​ឈ្នះ​ការ​ប្រកួត​នេះ​តែ​ម្ដង។

ជ័យជម្នះ​នេះ ​បាន​ធ្វើ​ឱ្យ​លោក Jose Mourinho ​យក​ដៃ​ដាក់​ក្បែរ​ត្រចៀក​​ធ្វើ​មុខ​ឌឺ​ទៅ​អ្នក​គាំទ្រ Juventus ​តែ​ម្ដង។ ​វា​ជា​កាយ​វិការ​មិន​សមរម្យ ប៉ុន្តែ​អ្នក​ចាត់ការ​រូប​នេះ​បកស្រាយ​ដូច្នេះ​ថា​៖ “អ្នក​គាំទ្រ Juventus ​ស្រែក​ដាក់​ខ្ញុំ ជេរ​ខ្ញុំ​ពេញ​៩០​នាទី​ទៅ​ហើយ ទើប​ខ្ញុំ​ធ្វើ​បែប​នេះ​ដាក់​ពួកគេ​វិញ។ អ៊ីតាលី​ជា​ប្រទេស​ដ៏​ស្រស់​ស្អាត ​ខ្ញុំ​គោរព​ពួកគេ ប៉ុន្តែ​កាយ​វិការ​ខ្ញុំ គ្រាន់​តែ​ឆ្លើយ​តប​ទៅ​អ្នក​គាំទ្រ​មួយ​ចំនួន​ប៉ុណ្ណោះ”៕

Loading...