វិសាខាក្លាយ​ជា​ក្លឹប​កម្ពុជាទី​២​មាន​ម្ចាស់​ថ្មី​ជា​ស្រ្តី​

លោកជំទាវ កែ សួនសុភី ភរិយារបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រ​​សួងអប់រំ យុវជន និងកីឡា ត្រូវបានតែងតាំងជាប្រធានក្លិបបាល់ទាត់វិសាខា ដើម្បីដឹកនាំ និងបន្ដអភិវឌ្ឍន៍ក្លិបឲ្យកាន់តែរីកចម្រើនបន្ថែមទៀតក្នុង​រដូវ​កាលថ្មី​ដែល​ជិត​ឈាន​មក​ដល់ ។

មូលហេតុ​នៃ​ការ​តែង​តាំង​នេះ​ ឯកឧត្តម ស សុខា មានប្រសាសន៍ថា ដោយសារឯក​ឧត្តម មានភារកិច្ចមមាញឹកច្រើនក្នុងតួនាទីរដ្ឋលេខាធិកា ក្រសួងអប់រំ យុវជននិង​កីឡា ទើបឯកឧត្តមពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការដឹកនាំក្លិប ប៉ុន្ដែឯកឧត្តមបានសន្យានឹងឆ្លៀតពេល ប្រាស្រ័យទាក់ទាងជាមួយថ្នាក់ដឹកនាំក្លិប និងក្រុមការងារជានិច្ច ដើម្បីលើកទឹកចិត្ត និងបន្ដជំរុញការអភិវឌ្ឍន៍ក្លិបឲ្យមានការរីកចម្រើនជានិរន្ដ ។

ការប្រកាសលោកជំទាវ កែ សួនសុភី ក្លាយជាប្រធានក្លិបថ្មី នៃក្លិបកីឡាបាល់ទាត់វិសាខានេះ បានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មាន ស្ដីពីការបង្ហាញសមាសភាពកីឡាករ ដើម្បីត្រៀមរដូវកាលថ្មី ឆ្នាំ២០១៩ នៅសណ្ឋាគារ ហួង សាន នារាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផង​ដែរ។

សូម​បញ្ជាក់​ផង​ដែរថា វិសាខា​គឺ​ជាក្លឹប​ទី​២​ហើយ​ដែល​មាន​ម្ចាស់​ជា​ស្រ្តី​ ខណៈ បឹង​កេត​អេហ្វស៊ី​មាន​ម្ចាស់​ជា​ស្រ្តី​ទី​មួយ​គឺ​អ្នក​ស្រី ពុធ ធីតា​ដែល​ចូល​កាន់​ដំណែង​កាល​ពី​ឆ្នាំដើម​ឆ្នាំ​២០១៨៕

រូបថតនិងប្រភព៖ក្លឹបវិសាខា

Loading...