បាល់ទាត់

ក្រុមមូលដ្ឋានចេញពីទីក្រុងឡុងដ៍ មួយសប្បាយ មួយទឹកភ្នែក នៅ Premier League យប់មិញ

ក្រុមដែលមានមូលដ្ឋានប្រចាំទីក្រុងឡុងដ៍ ទាំង២ ពោលគឺតោខៀវ Chelsea និងកាំភ្លើងធំ Arsenal បានធ្វើដំណើរទៅប្រកួតបង្គ្រប់សប្តាហ៍ទី១៧ នៃលីគកំពូលអង់គ្លេស។ ប៉ុន្តែជាវាសនារវាងក្រុមទាំង២ មិនបានលទ្ធផលដូចគ្នានោះឡើយ ដោយក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមម្ចាស់ផ្ទះ Brighton & Hove Albion ក្នុងលទ្ធផល ២-១ ខណៈក្រុមកាំភ្លើងធំ Arsenal បានត្រឹមខកចិត្តនៅនាទីចុងក្រោយដោយលទ្ធផលសរុប ៣-២។

កាលប្រកួតនៅកីឡដ្ឋាន American Express Community Stadium នាក្នុងវគ្គទី១ ក្រុមតោខៀវបានបើកការនាំមុខដោយការសហការគ្នារវាងខ្សែរបម្រើប្រយុទ្ធជួរមុខទាំង៣ របស់ក្រុមតោខៀវ ដោយនៅនាទី១៧ Eden Hazard បានធ្វើការអូសបញ្ចូនបាល់បានសម្រេចទីដោយ Pedro និងបន្តរអូសទាត់បញ្ចូលសំណាញ់ទីដោយផ្ទាល់ពីកីឡាករម្ចាស់អាវលេខ១០រូបនេះ ក្រោយការបញ្ចូនបាល់ពីកីឡាករ Willian នៅនាទី៣៣ មុនបញ្ចប់វគ្គទី១។ នៅក្នុងវគ្គទី២ កីឡាករ Solly March របស់ក្រុមម្ចាស់ផ្ទះ បានមានឳកាសក្នុងការទាត់បញ្ចូលទីមួយគ្រាប់មកវិញ និងបន្តរលទ្ធផលនេះរហូតដល់បញ្ចប់ការប្រកួត។

ក្រឡេកទៅមើលការប្រកួតនៅ St. Mary’s Stadium ឯណោះវិញ អតីតកីឡាករផ្ទេរមកពី Liverpool, Danny Ings បានតែតបាល់បញ្ចូលទីនាំមុខនៅនាទី២០។ ៨នាទីក្រោយមក សមាជិកកាំភ្លើងធំ Mkhitaryan បានតែងបញ្ចូលទីវាយបកមកវិញ ប៉ុន្តែនៅចុងវគ្គទី១ Danny Ings ដដែលបន្តរតែតបញ្ចូលសំណាញ់ទីជួយម្ចាស់ផ្ទះបញ្ចប់ដោយលទ្ធផល ២-១ ក្នុងវគ្គទី១។ ចូលដើមវគ្គទី២ ក្នុងនាទី៥៣ កីឡាករម្ចាស់អាវលេខ៧ Mkhitaryan ដដែលបានវាយបកតាមស្មើរមួយគ្រាប់បន្ថែមទៀត តែទោះជាយ៉ាងណា Arsenal នៅតែមិនអាចទទួលបានពិន្ទុឡើយ ដោយនៅចុងម៉ោងនៃវគ្គទី២ កីឡាករម្ចាស់អាវលេខ១០ របស់ម្ចាស់ផ្ទះគឺ កីឡាករ Charlie Austin តែងរំលងដៃអ្នកចាំទីបានសម្រេចនៅនាទី៨៥ មុនអាជ្ញាកណ្តាលផ្លុំកញ្ចែរបញ្ចប់ការប្រកួត។

ទស្សនា Video Highlight ខាងក្រោមនេះ៖

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628