បាល់ទាត់

Emery ​​គ្មាន​សង្ឃឹម​​ច្រើន​​បាន​ខ្សែ​ការពារ​ថ្មី​នៅ​ខែ​មករា ទោះ​ Bellerin របួស​ធ្ងន់​យប់មិញ

​អ្នក​ចាត់ការ​​របស់​កាំភ្លើង​ធំ Arsenal, Unai Emery កំពុង​ត្រូវការ​កម្លាំង​ថ្មី​នៅ​តំបន់​ការពារ​ស្លាប់​ស្ដាំ​ដោយ​សារ ​​Hector Bellerin ​ដែល​ជា​សំខាន់​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​របួស​រយៈ​ពេល​យូរ​​។

​របួស​របស់ Hector Bellerin កើត​ឡើង​ក្នុង​អំឡុង​​ Arsenal ចាញ់ Southampton ៣-២ កាល​ពី​យប់​មិញ បន្ទាប់​ពី​ប្ដូរ​ចេញ​នៅ​នាទី​ទី​៤៦។

លោក Emery ​បាន​និយាយ​ថា « ខ្ញុំ​មិន​ដឹង​ទេ​ពេលនេះ។ នៅ​ខែ​មករា​ ខាង​មុខ​នេះ ​យើង​គ្មាន​គម្រោង​​ចង់​ចំណាយ​ធំដុំ​​​ដើម្បី​​ទិញ​​កីឡាករ​ថ្មី​ឡើយ។ ប៉ុន្តែ​ពេល​នេះ​ចាំបាច់​ត្រូវ​តែ​គិត​ឡើង​វិញ និង​ស្វែង​រក​អ្នក​ណា​ម្នាក់​មក​ជួយ​ពួក​​យើង​»។

​អ្នក​ចាត់ការ​រូប​នេះ​បន្ថែម​ថា ប្រសិន​បើ​​ប្រើ​កីឡាករ​ដែល​កំពុង​មាន​ស្រាប់ ​ហើយ​រៀប​ទម្រង់​លេង​​ឲ្យ​មាន​​ភាព​ខ្លាំងក្លា​​នោះ​ជា​រឿង​ពិបាក​បំផុត​។ ទោះ​ជា​មាន​បញ្ហា​នេះ​ក្ដី​តែ​​លោក​​មាន​ជំនឿ​ចិត្ត​​មិន​ច្រើន​ឡើយ​ ដែល Arsenal អាច​ទិញ​ចូល​កីឡាករ​​​ថ្មី​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ។

Arsenal បាន​បាត់​បង់​កំណត់​ត្រា​មិន​ចាញ់ ២២ ប្រកួត​ជាប់​​​គ្នា​នៅ​រដូវ​កាល​នេះ​ ក្រោម​ថ្វី​ជើង Southampton យប់​មិញ ​ដែល​ធ្វើ​ឲ្យ​គេ​ស្ថិត​នៅ​លេខ​​៥​មាន ៣៤ ពិន្ទុ​តាម​ពី​ក្រោយ Chelsea ដែល​មាន ៣៧ ពិន្ទុ​ស្ថិត​នៅ​លេខ ៤៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628