បាល់ទាត់

ភ្នំពេញក្រោន ប្រកាសមិនលេងលីគប្រសិនគ្មានដំណោះស្រាយរឿងកីឡាករ៥រូបផ្ទេរទៅវិសាខា

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានចេញសេចក្តីថ្លែងការណ៍មួយក្នុងការរំសាយការអភិវឌ្ឍន៍យុវជនទាំងស្រុង និងដកខ្លួនចេញពីលីគកំពូលកម្ពុជា ប្រសិនបើគ្មានដំណោះស្រាយថ្លៃសំណងអភិវឌ្ឍន៍ពួកគេជាង៧ឆ្នាំនៅទឹកដី RSN។

ភ្នំពេញក្រោន ទម្លាយថាខ្លួនពុំបានព្រមព្រៀងក្នុងការផ្ទេរកីឡាករទាំង៥រូបទៅវិសាខាឡើយ ខណៈដែលពួកគេក៏មិនដែលបានពិភាក្សាជាមួយក្លិប ហើយបានចាកចេញទៅកាន់ក្លឹបថ្មីដោយមិនមានការបង់ថ្លៃលើសំណងអភិវឌ្ឍន៍ដូចជាការបង់ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរុំហ្វឹកហាត់នានា ក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗ រួមទាំងសេវាសុខភាពផងដែរនោះ។

ក្លឹបជើងឯក ៦សម័យកាលនេះបានប្រកាសយ៉ាងមុឺងម៉ាត់ថា៖«ក្លឹបនឹងមិនចេញលិខិតអនុញ្ញាតិសម្រាប់កីឡាករណាម្នាក់ដែលស្ថិតក្នុងគម្រោងនៃការបណ្តុះបណ្តាលថ្នាលរបស់ភ្នំពេញក្រោនទៅកាន់ក្លឹបដទៃដោយមិនមានតម្លៃសំណងអភិវឌ្ឍន៍នោះឡើយ ហើយប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយដោយសមស្របទេ ក្លឹបបាល់ទាត់ភ្នំពេញក្រោននឹងបញ្ឈប់សកម្មភាពអភិវឌ្ឍបាល់ទាត់ថ្នាលទាំងអស់ ហើយនឹងប្រកាសដកខ្លួនចេញពីការប្រកួតលីគកំពូលកម្ពុជា ឬមិត្តហ្វូនខេមបូឌានលីគផងដែរ។»

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628