បាល់ទាត់

Pep Guardiola ថាមិនទុកជើងកីឡាករឡើយក្នុងពាន Carabao Cup ទល់នឹង Leicester

អ្នកចាត់ការក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានបញ្ជាក់ប្រាប់ថា រូបគាត់នឹងមិនដកសមាសភាពកីឡាករខ្លួនឡើយក្នុងការប្រកួតតទល់ជាមួយក្រុមកញ្ជ្រោងខៀវ Leicester City ក្នុងពានរង្វាន់ EFL Cup ឬហៅថា Carabao Cup ក្នុងមូលហេតុដើម្បីទុកសមាសភាពប្រកួតដណ្តើមកំពូលតារាងត្រឡប់មកវិញពី Liverpool ក្នុងពានលីគកំពូលអង់គ្លេស។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បុរសវ័យ៤៧ឆ្នាំរូបនេះបាននិយាយថា៖ ត្បិតពួកយើងមិនមានកីឡាករច្រើនឡើយនៅពេលនេះ ខណៈកីឡាករមួយចំនួនកំពុងរបួស និងកីឡាករមួយចំនួនទៀតទើបតែប្រកួតចុងក្រោយក្តី។ ប៉ុន្តែនេះគឺជាឳកាសរបស់យើង ក្នុងការដណ្តើមកៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តាំងពីមកដល់ទីនេះ ខ្ញុំមិនដែលគិតថាបោះបង់ ឬទម្លាក់ជើងក្នុងការប្រកួតណាមួយឡើយ បើទោះបីជាការប្រកួតមិត្តភាព ឬផ្លូវការ។ ពួកយើងនឹងព្យាយាមដូចនូវអ្វីដែលពួកយើងបានធ្វើការពីរដូវកាលមុន។ ពួកយើងនឹងព្យាយាមអោយទទួលបានជ័យជម្នះគ្រប់ៗការប្រកួត។ 

ការលើកឡើងខាងលើនេះ បន្ទាប់ពីមានការចោទសួរអំពីការព្រួយបារម្ភរបស់លោក Pep ក្នុងការប្រកួតប្រជែងក្នុងលីគដើម្បីរក្សាការពារជើងឯក ខណៈដែលបច្ចុប្បន្នហង្សក្រហម Liverpool កំពុងនៅពីលើកំពូលតារាង មាន១ពិន្ទុលើស Manchester City ស្រាប់ផងនោះ។

គួរបញ្ជាក់ផងថា Manchester City នឹងធ្វើដំណើរទៅកាន់ទឹកដី King Power Stadium របស់ក្លឹប Leicester City ដើម្បីធ្វើការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់លំដាប់ទី៣ អង់គ្លេស នាថ្ងៃពុធ នាវេលាម៉ោង ២ៈ៤៥នាទីព្រឹក ម៉ោងនៅកម្ពុជាយើង។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628