បាល់ទាត់

Pepe វេចបង្វិច​ចេញ​ពី​ Beşiktaş ភ្លាមៗ​ក្រោយ​ក្លឹប​ប្រកាស​មាន​បញ្ហា​រឿង​លុយ

អតីត​ខ្សែការពារ Real Madrid កីឡាករ Pepe បាន​ចាក​ចេញ​ពី​ក្លឹប​ Beşiktaş ភ្លាម​បន្ទាប់​ពី​ក្លឹប​ប្រកាស​ថា​ក្លឹប​មាន​បញ្ហា​រឿង​លុយ​បើក​ឲ្យ​បុគ្គលិក​ទាំង​អស់។

កីឡាករ​វ័យ​៣៥​ឆ្នាំ​បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​ទួរគី​នេះ​កាល​ពី​ខែ​កក្កដា​ឆ្នាំ ២០១៧​បន្ទាប់​ពី​ចេញ​ពី​ស្ដេចស ​ក្នុង​លក្ខខ័ណ្ឌ​គ្មាន​តម្លៃ​ខ្លួន​ ហើយ​គាត់​បង្ហាញខ្លួន​ឲ្យ​ក្លឹប​បាន​២៣​ប្រកួត​ពេល​មួយ​រដូវ​កាលមុន។ មក​ដល់​រដូវ​កាល​នេះ​គាត់​នៅ​តែ​មាន​វត្តមាន​ជាមួយ​ក្លឹប​ដោយ​លេង​បាន​១០​ប្រកួតក្នុង​ Turkey Super Lig ខណៈ​ការ​ប្រកួត​ចុង​ក្រោយ​របស់ Pepe គឺ​លេង​ទល់​នឹង Sivasspor កាល​ពី​ថ្ងៃ​ទី​១១​វិច្ឆិកា។

ប៉ុន្តែ​ពេល​ក្លឹបប្រកាស​ពី​បញ្ហា​ថវិកា​ហើយ​ព្យាយាម​កាន់​ប្រាក់​ខែ​បុគ្គលិក​និងកីឡាករ​នោះ ​Pepe បានចូល​មក​ចចារ​រឿង​ប្រាក់​ឈ្នួល​របស់​ខ្លួន​ដែរ ​ប៉ុន្តែ​មិន​បាន​ជោគជ័យ​ហើយ​រូប​គេ​ក៏​ចាក​ចេញ​តែ​ម្ដង។ កាល​ពី​ម្សិលមិញ​ក្លឹប​ក៏​បាន​ប្រកាស​ពី​ការ​ចាក​ចេញ​របស់​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ដែរ។

មាន​របាយការណ៍​មួយ​ចំនួន​បាន​បង្ហើប​ថា​ Pepe បាន​យក​លុយ​ប្រាក់ឈ្នួល​របស់​ខ្លួន​បើក​ឲ្យ​បុគ្គលិក​បាន​២​ទៅ​៣​នាក់​ដែរ មុន​ពេលផ្ដាច់​កុង​ត្រា​ជាមួយ​ក្លឹប​ ហើយ​ប្រាក់​ឈ្នួល​របស់​គាត់​ត្រូវ​បាន​គេរាយការណ៍​ថា​ ៩.៥លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​។

អំពី​ការ​ចាក​ចេញ​នេះ​គេ​រំពឹង​ថា​ កីឡាករ​លេង​កាច​រូប​នេះ នឹង​ត្រឡប់​ទៅ​លេង​នៅ​ក្លឹប​ក្នុង​លីកកំពូល​នៃ​ប្រទេស​កំណើត​របស់​ខ្លួន​វិញ​ ដើម្បី​បន្ត​អាជីព​មុន​ចូល​និវត្តន៍។ Porto គឺ​ជា​ក្លឹប​ទី​១​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ការ​នាំ​យក​កីឡាករ​រូប​នេះ​ទៅ​ ខណៈ ​Pepe ធ្លាប់​លេង​នៅ​ទី​នេះ​កាល​ពី​ឆ្នាំ ២០០៧៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628