បាល់ទាត់

រំលឹកស្នាដៃ និងស្ថិតិនៃការប្រកួតសរុបរបស់ Jose Mourinho នៅ Man Utd ឡើងវិញ

ក្លឹបបិសាចក្រហម Manchester United បានប្រកាសពីការដើរដល់ផ្លូវបំបែកជាមួយលោក Jose Mourinho បន្ទាប់ពីលោកដឹកនាំមិនទទួលបានលទ្ធផលគួរអោយគាប់ចិត្តថ្នាក់ដឹកនាំក្លឹប។

លោក Jose Mourinho ត្រូវបានក្លឹប Manchester United ចេញសេចក្តីប្រកាសពីការចែកផ្លូវគ្នាជាមួយរូបគាត់ បន្ទាប់ពីបុរសវ័យ ៥៥ឆ្នាំរូបនេះចំណាយពេលស្នាក់នៅទឹកដី Old Trafford រយៈពេលសរុប ២ឆ្នាំ ៦ខែ និង២០ថ្ងៃ បើគិតចាប់ពីថ្ងៃដែលក្លឹបចុះកុងត្រាជាមួយគាត់មក ពោលគឺនៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៦។ ក្នុងរយៈពេលប្រមាណជាង ៩០០ថ្ងៃមកនេះ អ្នកចាត់ការទូទៅសញ្ជាតិព័រទុយហ្គាល់ខាងលើ បានដឹកនាំក្លឹបធ្វើការប្រកួតជាផ្លូវការសរុប ១៤៤លើក ក្នុងនោះ ឈ្នះ៨៤លើក ចាញ់២៨លើក និងស្មើរ៣២លើក ផងដែរ។

ការមកដល់រដូវកាលដំបូងរបស់លោក (២០១៦-២០១៧) បានជួយក្លឹបមានអាយុកាល១៤០ឆ្នាំខាងលើនេះ សម្រេចបានលទ្ធផលគួរអោយភ្ញាក់ផ្អើល ដោយទទួលបានពាន៣ក្នុងពេលមួយរដូវកាលរួមមាន៖

+ ពានរង្វាន់បើករដូវកាល FA Community Shield 16

+ ពានរង្វាន់ក្លឹបអាជីពលំដាប់ទី២ នៅអឺរ៉ុប UEFA Europa League 2016-17

+ ពានរង្វាន់លំដាប់ទី៣ នៅអង់គ្លេស EFL Cup 2016-17

+​ ស្ថិតិក្នុងលីគ ទទួលបានចំណាត់ថ្នាក់លេខរៀងទី៦

+ ស្ថិតិក្នុងពានរង្វាន់លំដាប់ទី២ FA Cup ត្រឹមវគ្គ៤ក្រុមចុងក្រោយ។

រដូវកាលទី២ (២០១៧-២០១៨)៖

+ ជើងឯករង UEFA Super Cup

+  ធ្លាក់ត្រឹមវគ្គ ១៦ក្រុម នៃពានរង្វាន់ក្លឹបលំដាប់ទី១ អឺរ៉ុប UEFA Champions League

+ ជើងឯករងលីគកំពូលអង់គ្លេស

+ ជើងឯករងពានរង្វាន់លំដាប់ទី២ FA Cup

+ ធ្លាក់ត្រឹមជុំទី៥ នៃពានរង្វាន់លំដាប់ទី៣ EFL Cup។

ចំណែកឯរដូវកាលចុងក្រោយ គាត់មិនទាន់ទទួលបានលទ្ធផលមួយអោយគួរចាប់អារម្មណ៍នៅឡើយនោះទេ ខណៈដែលថ្នាក់ដឹកនាំក្លឹបសម្រេចចែកផ្លូវជាមួយរូបគាត់ ក្រោយពីការដឹកនាំឈ្នះបានតែ៧លើក ក្នុងចំណោម១៧ប្រកួតកន្លងមក ក្នុងលីគកំពូលអង់គ្លេស និងកំពុងឈរចំណាត់ថ្នាក់លេខរៀងទី៦ ដាច់ពិន្ទុពីក្រុមកំពូលតារាង Liverpool រហូតដល់ ១៩ពិន្ទុឯណោះ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628