បាល់ទាត់

Dortmund ​បាត់​បង់​កំណត់​ត្រា​មិន​ចាញ់​រដូវ​កាល​នេះ​ក្រោម​ថ្វី​ជើង​ក្រុម​ក្បែរ​បាត​តារាង

Borussia Dortmund ​បាន​បាត់​បង់​កំណត់​ត្រា​មិន​ចាញ់​​របស់​ខ្លួន ​​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ក្បែរ​បាតតាង​​ដែល​ស្ថិត​នៅ​លេខ​១៥ Fortuna Düsseldorf ដោយ​បរាជ័យ ២-១​​កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​១៦ នៅ​ទឹក​ដី​របស់ Fortuna Düsseldorf។

១៥ ប្រកួត​នៃ​​លីគ​កំពូល​អាល្លឺម៉ង់​ Bundesliga រដូវ​កាល​នេះ Dortmund មិន​ដែល​ចាញ់​​ឡើយ ដោយ​ឈ្នះ ១២ និង​ស្មើ ៣។

នៅ​ក្នុង​ការ​ប្រកួត​នោះ​​គេ​ឃើញ​ថា ក្រុម​ភ្ញៀវ​ Dortmund ជា​ក្រុម​បើក​ការ​វាយ​សម្រុក​យ៉ាង​ខ្លាំង​ទៅ​លើ​ម្ចាស់​ផ្ទះ។ ស្រប​ពេល​ម្ចាស់ផ្ទះ​វិញ​លេង​ដោយ​ការពារ និង​រង់ចាំ​ឱកាស​វាយ​បក រហូត​ដល់​នាទី​ទី​២២ ​ម្ចាស់​ផ្ទះ​ក៏​បាន​ដាច់​មាត់​រក​បាន​មួយ​គ្រាប់​មុន​ដោយ​ខ្សែ​ប្រយុទ្ធD. Lukebakio។ បើ​ទោះ​ក្រុម​ភ្ញៀវ​ព្យាយាម​វាយ​សម្រុក​យ៉ាង​ណា​ក៏​មិន​អាច​រក​គ្រាប់​បាល់​បាន​ដែរ​។ ចប់​វគ្គ​ទី​១ ម្ចាស់​ផ្ទះ​នាំ​មុខ​១-០​។

ចូល​ដល់​វគ្គ​ទី​២ ក្រុម​ភ្ញៀវ​នៅ​តែ​បើក​ការ​វាយ​សម្រុក​កាន់​តែ​ខ្លាំង​តែ​គ្មាន​សំណាង​។ រហូត​ដល់​នាទី​ទី​៥៦ ម្ចាស់​ផ្ទះ​ទទួល​បាន​ឱកាស​ស្រួល​វាយ​បក ​ពេល​នោះ​ខ្សែ​បម្រើ​ J. Zimmer ម្ចាស់​ផ្ទះ​ស៊ុត​បាល់​ពី​ចម្ងាយ​យ៉ាង​ស្អាត​បញ្ចូល​ទី​បានសម្រេច​ជួយ​ម្ចាស់​ផ្ទះ​នាំ​មុខ​២-០។ ការ​នាំ​មុខ​របស់​ម្ចាស់​ផ្ទះ​ធ្វើ​ឲ្យ​ក្រុម​ភ្ញៀវ​កាន់តែ​ប្រឹងប្រែង​សម្រុក​រហូត​ដល់​នាទី​ទី​ ៨១ Paco Alcácer ​របស់​ Dortmund ​រក​បាន​មួយ​គ្រាប់​វិញ​ដើម្បី​តាម​បាន ២-១។ ​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​មិន​អាច​បន្ថែម​គ្រាប់​បាល់​បាន​ឡើយ ពោល​​គឺ​រក្សា​លទ្ធផល​២-១ ដល់​ចប់​ការ​ប្រកួត​។

សូម​បញ្ជាក់​ថា មុន​ប្រកួត  Fortuna Düsseldorf ស្ថិត​នៅ​លេខ ១៦ តែ​ដោយ​យក​ឈ្នះ Dortmund ក៏​រំកិល​ខ្លួន​ឡើង​មក​លេខ ១៦ ដោយ​រក​បាន ១៥ ពិន្ទុ​។ ចំណែក​​ Dortmund នៅ​តែ​ស្ថិត​នៅ​កំពូល​តារាង​ដដែល​ ដោយ​មាន ៣៩ ពិន្ទុ​៕​

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628