តម្លៃទិញផ្តាច់ថ្លៃពេក Man Utd ចង់ខ្ចីជើង Bale វិញ ដោយឲ្យប្រាក់ឈ្នួលសប្តាហ៍បំបែកកំណត់ត្រាក្លឹប

Manchester United ត្រូវបានសង្កេតឃើញថា មានចេតនាចង់នាំយកខ្សែប្រយុទ្ធជម្រើសជាតិវែល Gareth Bale ពី Real Madrid ទៅបង្ហាញខ្លួននៅទឹកដី Premier League សារជាថ្មី ដោយតាមរយៈការចង់ទិញផ្តាច់ ប៉ុន្តែការចរចារតម្លៃខ្លួនពុំត្រូវរ៉ូវគ្នា ពេលនេះបង្វែរចំណាប់អារម្មណ៍ក្នុងការខ្ចីជើងទៅវិញ។

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំខាងលើ ហាក់ដូចជាពុំស្ថិតនៅក្នុងជម្រើសរបស់លោក Zinedine Zidane ទៀតឡើយសម្រាប់រដូវកាលថ្មី២០១៩/២០២០ ខាងមុខនេះ។ ហើយពេលនេះ ក្លឹបធំៗមួយចំនួនក្នុងតំបន់អឺរ៉ុប កំពុងមានចេតនាចង់បានកីឡាកររូបនេះទៅចូលរួមក្រុម រួមមានទាំងក្លឹបនៅលីគកំពូលចិនរួមផង។

ក្លឹបបិសាចក្រហម Manchester United ក៏ជាក្លឹបមួយក្នុងចំណោមក្លឹបចង់បាន Gareth Bale ផងដែរ។ បើតាមរបាយការពីខែមុននេះ ក្លឹបអង់គ្លេសខាងលើបានធ្លាប់ហ៊ានសួរចែចូវជាមូយកញ្ចប់ទឹកប្រាក់ ៧៥លានផោនម្តងរួចមកហើយ ប៉ុន្តែត្រូវបាន Real Madrid បដិសេធ ដោយទាមទារលើសពី១០០លានផោន។

ការចរចារមិនត្រូវគ្នានេះហើយ ខណៈខាង Manchester United ក៏មិនហ៊ានចំណាយលុយកប់ពពកនាំយកអតីតកីឡាករ Tottenham Hotspur និង Southampton រូបនេះផងដែរ ប៉ុន្តែក៏មានគំនិតថ្មីដោយចង់ធ្វើការ ខ្ចីជើងក្នុងលក្ខខណ្ឌរយៈពេលវែងទៅវិញ។

បើតាមប្រភពពី Metro UK បង្ហាញថា សំណើខ្ចីជើងនេះនាំមកទឹកដី Old Trafford នេះ Manchester United ហ៊ានឲ្យប្រាក់ឈ្នួលប្រចាំសប្តាហ៍បំបែកកំណត់ត្រាក្លឹបបច្ចុប្បន្ន ដោយហ៊ានផ្តល់ ៤៨មុឺនផោនក្នុងមួយសប្តាហ៍ ខណៈបច្ចុប្បន្នភាព Gareth Bale នៅជាមួយ Real Madrid បានត្រឹមតែ ៣០មុឺនផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ។

គួរឲ្យដឹងផងថា Alexis Sanchez គឺជាកីឡាករដែលទទួលបានប្រាក់ឈ្នួលប្រចាំសប្តាហ៍ថ្លៃបំផុតនៅក្លឹប Manchester United សព្វថ្ងៃនេះ ពោលគឺ ៤០មុឺនផោនក្នុងមួយសប្តាហ៍៕

Loading...