បាល់ទាត់

អ្នកចាំទីរបស់ Cardiff City អាចជួយជម្រើសជាតិហ្វីលីពិនតែមួយប្រកួតប៉ុណ្ណោះនៅ Asian Cup

ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពិន (PFF) និងជាសមាជិកក្រុមប្រឹក្សារបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ផងនោះគឺលោក Mariano Araneta បានលើកឡើងថា បើទោះបីជាមានឈ្មោះអ្នកចាំទី Neil Etheridge ក្នុងពានរង្វាន់ AFC Asian Cup ២០១៩ខាងមុខយ៉ាងណាក្តី កីឡាកររូបនេះអាចជួយក្រុមជម្រើសជាតិហ្វីលីពិនបានតែមួយប្រកួតប៉ុណ្ណោះ ព្រោះតែជាប់ភារកិច្ចជាមួយក្លឹបកំពុងឈរជើងនៅលីគកំពូលអង់គ្លេស Cardiff City។

ជម្រើស​ជាតិហ្វីលីពីន​បាន​កោះ​ហៅកីឡាករ​២៣​នាក់​ត្រៀម​ប្រកួត​ AFC Asian Cup 2019 នៅ​អារ៉ាប់រួម​ក្នុង​ចំណោម​នោះ​មាន​អ្នក​ចាំ​ទី​ដល់​ទៅ​៣​នាក់មាន​ដូច​ជា៖ Neil Etheridge, Michael Falkesgaard, និង Patrick Deyto ។

ដោយ​សារ Cardiff City ត្រូវ​ជួប​ក្រុម​ខ្លាំង Tottenham ហើយ​ក្លឹប​ទើប​ឡើង​ពី​ក្របខ័ណ្ឌ Champioship មួយ​នេះ​ចាំ​បាច់​ត្រូវ​ការ Neil Etheridge ខ្លាំង​នោះ​ រូប​គេ​មិន​អាច​ជួយ​ជម្រើស​ជាតិ​បាន​ពេញ​លេញ​ក្នុង​ AFC Asian Cup នោះ​ទេ។

ប្រធានសហព័ន្ធកីឡាបាល់ទាត់ហ្វីលីពិនខាងលើបាន​បង្ហើប​ពី​មូលហេតុ​នេះ​ថា​៖ ពួកយើងដឹងថា Neil Etheridge គឺជាកីឡាករសំខាន់សម្រាប់ Cardiff City ។ ដូច្នេះហើយ Neil អាចលេងអោយជម្រើសជាតិបានតែមួយប្រកួតដំបូងប៉ុណ្ណោះជាបណ្តោះអាសន្នក្នុងពានរង្វាន់ AFC Asian Cup នាពេលខាងមុខ ហើយរូបគេនឹងធ្វើដំណើរត្រឡប់ទៅអង់គ្លេសវិញ។ 

បើយោងទៅតាមការលើកឡើងពីខាងលើ ដូច្នេះកីឡាករវ័យ២៨ឆ្នាំរូបនេះ អាចជួយក្រុមជម្រើសជាតិហ្វីលីពិន ក្នុងការប្រកួតបើកឆាកតទល់នឹង កូរ៉េខាងត្បូង ប៉ុន្តែនឹងអវត្តមានតទល់ជាមួយ ចិន និងកាហ្ស៊ីជីស្ថាន ក្នុងជំនួបសន្សំពិន្ទុវគ្គចែកពូល៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628