បាល់ទាត់

Zlatan បង្ហើបគម្រោងវិលត្រឡប់ទៅ Ajax វិញក្នុងតំណែងមួយ នាពេលរូបគាត់ចូលនិវត្តន៍

ខ្សែប្រយុទ្ធធ្លាប់លេងនៅក្លឹបធំៗ ជាច្រើនតំបន់អឺរ៉ុប និងបច្ចុប្បន្នកំពុងលេងឲ្យ LA Galaxy នៅសហរដ្ឋអាមេរិក កីឡាករ Zlatan Ibrahimovic បង្ហើបចេតនារបស់ខ្លួនក្រោយចូលនិវត្តន៍ អាចនឹងត្រឡប់ទៅចូលរួមក្លឹបហូឡង់ AFC Ajax សារជាថ្មី នឹងមានគម្រោងចង់កាន់តំណែងនាយកណាមួយក្នុងក្លឹបថែមទៀត។

រម្លឹកទៅអតីតកាលខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំខាងលើធ្លាប់លេងនៅ AFC Ajax ៣រដូវកាលកន្លះផងដែរមុនធ្វើការផ្ទេរចេញ ពោលគឺពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥ មុនទៅចូលរួម Juventus ។ ហើយនាគ្រានោះបានជួយឲ្យក្លឹបនេះឈ្នះជើងឯកលីគកំពូលហូឡង់២ឆ្នាំជាប់គ្នារួមផង។

ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ Zlatan Ibrahimovic បាននិយាយថា៖

៉ ជារឿងធម្មតា! ខ្ញុំមិនដែលត្រឡប់ទៅបង្ហាញខ្លួនឲ្យក្លឹបចាស់ណាមួយឡើយក្នុងជាជីពរបស់ខ្ញុំ ប៉ុន្តែពេលចូលនិវត្តន៍ប្រហែលជាអាចនឹងត្រឡប់ទៅក្លឹបណាមួយ ដែលខ្ញុំធ្លាប់ធ្វើការនៅទីនោះ។ ប្រហែលជាអាចកាន់តំណែងក្នុងនាទីជានាយក នៅក្លឹប Ajax ហើយខ្ញុំនឹងធ្វើឲ្យល្អជាងអ្នកគ្រប់គ្នានៅទីនោះបច្ចុប្បន្នថែមទៀត។ Ajax គឺតែងតែស្ថិតនៅក្នុងចិត្តរបស់ខ្ញុំជានិច្ចនៅប្រទេសហូឡង់ ជាពិសេសខ្ញុំសប្បាយចិត្តពេលឃើញពួកគេធ្វើបានល្អក្នុងពានកម្រិតទ្វីបអឺរ៉ុប។  ៉

គួរឲ្យដឹងផងថា បច្ចុប្បន្ននៅក្លឹប AFC Ajax មានតំណែងនាយកដល់ទៅ៤រួមមាន នាយកប្រតិបត្តិទូទៅ ដែលជាតំណែងរបស់អតីតវីរៈបុរស Man Utd នោះគឺ Edwin van der Sar និងមានទៀតដូចជា នាយកហិរញ្ញវត្ថុ នាយកទីផ្សារ និងនាយកបច្ចេកទេស៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628