បាល់ទាត់

អតីតវីរៈបុរស Chelsea និងជាប្រធានក្រុមនីហ្សេរីយ៉ា ប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ

 

ការជួយឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ាទទួលបានចំណាត់ថ្នាក់លេខរៀងទី៣ ក្នុងព្រឹត្តិការណ៍ Africa Cup of Nations ២០១៩ ម្សិលមិញនេះ គឺជាការប្រកួតចុងក្រោយក្នុងក្រុមជម្រើសជាតិរបស់ខ្សែបម្រើការពារ John Obi Mikel ដែលមាននាទីជាប្រធានក្រុមផងនោះ។

 

John Obi Mikel បានចេញសេចក្តីថ្លែងការប្រកាសបញ្ជាក់ពីការភ្ជួរស្បែកជើងពីក្រុមជម្រើសជាតិក្រោយបញ្ចប់ភារកិច្ចនៅប្រទេសអេហ្ស៊ីបលើកនេះ ដោយត្រឹមវ័យ៣២ឆ្នាំ។

តាមការបង្ហោះនៅក្នុងបណ្តាញសង្គម Instagram គណនីផ្ទាល់របស់អតីតកីឡាករ Chelsea ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៧ ខាងលើបានឲ្យដឹងថា៖

៉ អេហ្ស៊ីប ជាកន្លែងដែលខ្ញុំបានចាប់ផ្តើមលើកដំបូង។ ក្នុងឆ្នាំ២០០៦ ខ្ញុំទទួលឳកាសពាក់អាវជម្រើសជាតិ (ឈុតធំ) លើកដំបូងគឺនៅក្នុងការប្រកួតនៅប្រទេសមួយនេះ។ ការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិតាំងពីកម្រិត U17 របស់ខ្ញុំតាំងពីឆ្នាំ២០០៣ ហើយខ្ញុំពិតជាមោទកភាពដែលក្រុមជម្រើសជាតិជួយឲ្យខ្ញុំមានមុខមាត់លើឆាកអន្តរជាតិដូចសព្វថ្ងៃ។ ក្នុងអាយុ៣២ សព្វថ្ងៃគឺដល់ពេលដែលខ្ញុំចូលនិវត្តន៍ ដើម្បីទុកឳកាសដល់យុវជនជំនាន់ក្រោយ។  ៉ 

John Obi Mikel ក្នុងការបង្ហាញខ្លួនជាង១៥ឆ្នាំឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា ធ្លាប់បានជួយឲ្យលើកពានរង្វាន់ Africa Cup of Nations ឆ្នាំ២០១៣ ម្តង ព្រមទាំងមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍អូឡាំពិកពិភពលោកឆ្នាំ២០១៦ ផងដែរ។ បន្ថែមពីនេះរូបគាត់ក៏ជួយឲ្យជម្រើសជាតិតំបន់អាហ្វ្រិកមួយនេះ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ជារួមផង៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628