បាល់ទាត់

Solskjaer មានជំនឿចិត្តខ្ពស់លើ Pereira ក្រោយផ្តល់ឳកាសឲ្យលេងបានច្រើននារដូវកាលមុន

អ្នកចាត់ការទូទៅក្លឹបបិសាចក្រហម Manchester United បង្ហាញចំណាប់អារម្មណ៍ខ្លួន ដោយបន្តមានជំនឿចិត្តខ្ពស់លើកូនក្រុម Andreas Pereira ក្នុងការត្រៀមខ្លួនរដូវកាលថ្មី បន្ទាប់ពីទើបចុះកិច្ចសន្យាថ្មីរួចរាល់។

លោក Ole Gunnar Solsjkaer បានបញ្ចេញមតិរបស់ខ្លួន បន្ទាប់ពីកីឡាករវ័យ២៣ឆ្នាំខាងលើចុះកិច្ចសន្យាថ្មីថា៖

៉ ពួកយើងគ្រប់គ្នាជឿជាក់លើយុវជនរូបនេះ ដូច្នេះពួកយើងបានផ្តល់កិច្ចសន្យាថ្មីដល់រូបគេ។ Andreas តែងតែចង់សិក្សាអ្វីដែលថ្មី ហើយគេតែងតែស្តាប់ការទូន្មានរបស់ពួកយើង មិនថាអ្វីដែលយើងបានណែនាំនោះទេ រូបគេតែងតែព្យាយាមធ្វើឲ្យបាន។ រដូវកាលមុនរូបគេធ្វើបានល្អដូចជាការប្រកួតយកឈ្នះ PSG នៅក្រៅដី លេងតទល់ជាមួយ Liverpool ជាដើម។ ហើយខ្ញុំរំពឹងថា រដូវកាលបន្តទៀតរូបគេកាន់តែបង្កើនសមត្ថភាព។ ដូចដែលអ្នកគ្រប់គ្នាបានឃើញសព្វថ្ងៃ ប្រសិនបើខ្ញុំផ្តល់ឳកាសឲ្យរូបគេ Andreas តែងតែលេងដោយទំនុកចិត្តខ្ពស់លើទីលាន។  ៉ 

គួរឲ្យដឹងថា Andreas Pereira ទើបតែចុះកិច្ចសន្យាថ្មីបន្តស្នាក់នៅទឹកដី Old Trafford លើកិច្ចសន្យា៥ឆ្នាំទៀត បើទោះបីតាំងពីតម្លើងមកឈុតធំ៥រដូវកាលទើបទទួលបានឳកាសលេងលើទីលានសរុបតែ៣៥លើក ក្នុងនោះនៅក្របខណ្ឌ Premier League តែ២០លើកក៏ដោយក្តី៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628