បាល់ទាត់

ក្លឹបមានម្ចាស់ជាជនជាតិវៀតណាមនៅអឺរ៉ុប នឹងបញ្ចូនឈុត U21 របស់ខ្លួនមកលេងមិត្តភាពនៅវៀតណាម

ក្លឹបសមាជិកលីគកំពូលបូ៊ស្នៀ FK Sarajevo ដែលមានម្ចាស់ភាគហ៊ុនធំគឺលោក Nguyen Hoai Nam ដែលជាជនជាតិវៀតណាម បានយល់ព្រមបញ្ចូនក្រុមឈុត U21 ធ្វើដំណើរមកប្រទេសវៀតណាម ចុងឆ្នាំនេះ ក្នុងការចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិមួយ ដែលរៀបចំឡើងដោយស្ថាប័នកាសែត Thanh Nien របស់វៀតណាម។

ពានរង្វាន់ International Football Tournament U21 របស់ស្ថាប័នកាសែត Thanh Nien នេះគឺជាការរៀបចំលើកទី១៣ គិតក្នុងឆ្នាំ២០១៩នេះ ប៉ុន្តែជាលើកទី១ ដែលបានអញ្ជើញក្រុមភ្ញៀវមកពីតំបន់អឺរ៉ុប ដោយសារតែមានមហាសេដ្ឋីវៀតណាម Nguyen Hoai Nam ជាម្ចាស់ភាគហ៊ុននៃក្លឹបនោះផងដែរ។

ក្នុងឆ្នាំ២០១៩ នេះកម្មវិធីខាងលើនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈកាលវិភាគ សមាជិកក្រុមចូលរួម និងទីលានប្រកួត មិនទាន់បានឯកភាពសម្រេចនៅឡើយនោះទេ តែនឹងប្រកាសឆាប់ៗខាងមុខនេះ។

ក្រឡេកមើលក្រុមយុវជន FK Sarajevo ឈុត U21 វិញ ក្នុងរដូវកាល២០១៨/២០១៩ បានបញ្ចប់ចំណាត់ថ្នាក់លេខរៀងទី៤ ក្នុងចំណោម១៤ក្រុម/ក្លឹប ដែលលេងលីគ U21 កម្រិតតំបន់មូលដ្ឋានក្នុងប្រទេសប៊ូស្នៀ ហើយក៏មានសមាជិក៤រូបស្ថិតនៅក្នុងក្រុមជម្រើសជាតិប៊ូស្នៀ ផងដែរ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628