បាល់ទាត់

Xavi ដឹកនាំ Al Sadd ប្រកួតដំបូងស្មើរ១ទល់១ នឹងក្លឹបលីគលំដាប់ទី៤ អេស្ប៉ាញ

អតីតវីរៈបុរសរបស់ FC Barcelona ដែលបច្ចុប្បន្នកំពុងកាន់តំណែងជាគ្រូបង្គោលក្លឹប Al Sadd SC សមាជិកលីគកំពូលកាតា ពោលគឺលោក Xavi បានកំពុងស្ថិតនៅក្នុងដំណើរ Pre-Season របស់ពួកគេនៅឯទឹកដីប្រទេសអេស្ប៉ាញ។

Xavi ដែលទទួលបានតំណែងជាអ្នកដឹកនាំក្លឹបលើកដំបូងនេះ ហើយក៏បានដឹកនាំលើទីលានប្រកួតដំបូងក្នុងអាជីពថ្មីរបស់ខ្លួនផងដែរ ប៉ុន្តែបានត្រឹមលទ្ធផល១ទល់១ ជាមួយក្លឹប Palamos CF ដែលជាក្លឹបលេងនៅក្របខណ្ឌលីគលំដាប់ទី៤ ប្រទេសអេស្ប៉ាញ។

ការប្រកួតបានចាប់ផ្តើមរហូតដល់បញ្ចប់វគ្គទី១ បានត្រឹមលទ្ធផលគ្មានគ្រាប់បាល់ទាំងសងខាង ប៉ុន្តែឈានដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នៅនាទី៧៥ ប៉ុន្តែកីឡាករ Nam Tae-Hee ខ្សែប្រយុទ្ធសញ្ជាតិកូរ៉េខាងត្បូងកូនក្រុមរបស់ Xavi រកបាន១គ្រាប់សងមកវិញនៅនាទី៨៥ ហើយក៏រក្សាលទ្ធផលនេះដល់បញ្ចប់ការប្រកួត។

ក្នុងដំណើរ Pre-Season ទៅកាន់ប្រទេសអេស្ប៉ាញលើកនេះ ក្លឹប Al Sadd SC នៅសល់២ប្រកួតទៀត ដែលត្រូវជួប UE Olot (លីគទី៣ អេស្ប៉ាញ) និង CE Sabadell FC (លីគទី៣ អេស្ប៉ាញ) ទើបវិលត្រឡប់មកកាតាវិញ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628