ក្រុមភ្នំពេញក្រោនបានរងបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្រុមមិនស្គាល់រសជាតិចាញ់ព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល៥ទល់២ក្នុងការប្រកួតពានរង្វាន់ Cambodian League សប្ដាហ៍ទី១៨ខណៈលោកស៊ុម វណ្ណា គ្រូបង្វឹកភ្នំពេញក្រោនបាននិយាយថាក្រុមរៀបចំបានល្អដើម្បីការប្រកួតតែលេងមែនទែនយើងធ្វើមិនបានល្អទៅវិញ។
“តាមពិតយើងបានរៀបចំបានយ៉ាងល្អអំឡុងពេលហ្វឹកហាត់ ប៉ុន្តែពេលចូលការប្រកួតគឺស្ថានភាពផ្សេងទៀត។”
គ្រូបង្វឹកបណ្ដោះអាសន្នរបស់ភ្នំបេញក្រោនរូបនេះបន្តថា៖” នៅពេលដែលស្ថានភាពផ្សេងទៀតគឺធ្វើឲ្យបាត់បង់ទំនាក់ទំនងរវាងខ្សែការពារ និងបម្រើ ដោយព្យាយាមលេងបាល់វែងច្រើន”។
“យើងមានទំនុកចិត្តលើខ្លួនឯងក្នុងការថែរក្សាបាល់ដូចគូប្រកួតរបស់យើង។ យើងចាប់ផ្តើមលេងបាល់វែងពីក្រោមទៅតំបន់ប្រយុទ្ធ ដោយរំលងតំបន់កណ្តាល ដែលធ្វើឲ្យយើងមិនអាចរៀបចំវិញបានទាន់ពេលវេលា ពេលបាត់បាល់ធ្វើឲ្យគូប្រកួតវាយបកបានក៏ជាការរៀបចំរបស់យើងមិនបានល្អនៅតំបន់ការពារផងដែរ”។
លើសពីនេះទៅទៀត! លោកបានបង្ហាញមូលហេតុដាក់ យ៉ើ សាហ្វីឲ្យលេងក្នុងតំបន់ការពារស្ដាំហើយសុខសុវណ្ណនិង រៀម សឹងលេងការពារកណ្ដាល៖” វាតែងតែមានចំណុចខ្វះខាត ប៉ុន្តែយើងឲ្យមានជម្រើសដោយជំនួសដោយ សុវណ្ណ និងសឹង នៅកណ្តាល ដើម្បីជួយគាំទ្រគាត់នៅពេលបង្កកំហុស”។
“ប៉ុន្តែជាក់ស្តែងគាត់សហការគ្នាមិនបានល្អធ្វើឲ្យមានចន្លោះប្រហោងច្រើន គូប្រកួតក៏មានឱកាសបោះបាល់ទម្លុះ និងទាត់ទី”៕
