បង់ក្លាដេស បដិសេធប្រកួតមិត្តភាពជាមួយបងធំទី៥នៅអាស៊ីនោះគឺ អឺរ៉ង់

ជម្រើសជាតិអឺរ៉ង់ ដែលបានណាត់ជួបជម្រើសជាតិបង់ក្លាដេស ក្នុងការប្រកួតមិត្តភាពកម្តៅសាច់ដុំសាកល្បងកីឡាករត្រៀមយុទ្ធនាការជម្រុះ World Cup ២០២២ ត្រូវបានលុបចោលវិញខណៈបដិសេធពីខាងសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេសតែម្តង។

ដើមឡើងក្រុមទាំងទ្វេអាចនឹងជួបគ្នានៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ប៉ុន្តែត្រូវបានរំសាយវិញដោយខាងសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស ធ្វើការបដិសេធដោយសម្អាងលើមូលហេតុបញ្ហារវាងសហព័ន្ធទាំងសងខាង។

យោងតាមការលើកឡើងរបស់លោក Abu Nayeem Shohag អគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដេស បានឲ្យដឹងថា ការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិទាំងទ្វេ ត្រូវបានបំបាត់ទៅវិញពីព្រោះខាងសហព័ន្ធកីឡាបាល់ទាត់ទាំងសងខាងចរចារថ្ងៃប្រកួតឲ្យត្រឹមត្រូវទៅតាមកាលវិភាគបានកំណត់។ ខណៈខាងបង់ក្លាដេស អាចនឹងរៀបចំស្វែងរកគូមិត្តភាពថ្មីផងដែរ។

សម្រាប់ការប្រកួតឈានមកដល់ខាងមុខ អឺរ៉ង់ ដែលមានចំណាត់ថ្នាក់លេខរៀងទី៥ នៃតារាង FIFA ប្រចាំតំបន់អាស៊ី បានស្ថិតនៅក្នុងពូល C ជាមួយ កម្ពុជា ហុងកុង អឺរ៉ាក់ និងបារ៉ែន។

ចំណែកឯ បង់ក្លាដេស ដែលទើបឡើងពីជុំទី១ ដោយបានយកឈ្នះលើ ឡាវ ទាំង២ជើងដោយលទ្ធផល១-០ បានចាប់ឆ្នោតស្ថិតនៅក្នុងពូល E រួមជាមួយ ឥណ្ឌា អូម៉ង់ អាហ្គានីស្ថាន និងក្រុមបង្គ្រប់កិច្ចម្ចាស់ផ្ទះ World Cup ២០២២ នោះគឺកាតា៕

Loading...