Everton ឯកភាពតម្លៃខ្លួនជាមួយ Juventus ជិតផ្ទេរបានខ្សែប្រយុទ្ធវ័យក្មេងមួយរូប

ក្លឹបអង់គ្លេស Everton បានឯកភាពលើតម្លៃខ្លួនកីឡាករ Moise Kean របស់ក្លឹបសេះបង្កង់ Juventus ហើយ ពោលដោយរងចាំតែការធ្វើដំណើរនិងចុះកិច្ចសន្យាផ្លូវការឆាប់ៗខាងមុខនេះតែប៉ុណ្ណោះ។

យោងតាមរបាយការណ៍ពី Sky Italy បានបង្ហាញថា Juventus នឹងទទួលបានតម្លៃខ្លួនគោល ២៧.៥លានផោន ហើយអាចនឹងកើនឡើងដល់ ៣៦.៦លានផោនលើលក្ខខណ្ឌដទៃទៀតពី Everton ។ តាមប្រភពដដែល Moise Kean នឹងធ្វើដំណើរពីអ៊ីតាលី មកប្រទេសអង់គ្លេសដើម្បីពិនិត្យសុខភាពជាមួយក្លឹបនៅក្នុងថ្ងៃនេះ ឬស្អែកនេះហើយ។

សម្រាប់ភាគីកីឡាករផ្ទាល់ នឹងទទួលបានប្រាក់ឈ្នួល ៥២ ០០០ផោនក្នុងមួយសប្តាហ៍ ក្នុងការមកចូលរួមនៅក្របខណ្ឌ Premier League នេះ។ តែយ៉ាងណា Juventus ក៏បានចងលក្ខខណ្ឌទិញត្រឡប់មកវិញផងដែរ ពោលមានន័យថា ក្លឹបជើងឯក Serie A ខាងលើអាចមានសិទ្ធិក្នុងកទិញផ្តាច់មកវិញគ្រប់ពេល ឲ្យតែស្ថិតនៅក្នុងកិច្ចសន្យាជាមួយ Everton ។

Moise Kean ឆ្នាំនេះទើបតែអាយុ១៩ឆ្នាំប៉ុណ្ណោះ មានតំណែងជាខ្សែប្រយុទ្ធ ខណៈរូបគេកើតចេញពីថ្នាល់យុវជនរបស់ Juventus ផ្ទាល់ ខណៈរដូវកាលមុននេះបង្ហាញខ្លួនសរុបបាន១៧ដង និងរកបាន៧គ្រាប់ផងដែរ៕

Loading...