Folayang ​ឆ្លើយ​តប​ទៅ​នឹង​​ការ​អធិប្បាយ​របស់​​ Eddie Alvarez មុន​ជួប​គ្នា

អ្នក​លេង​គុន​​ចម្រុះ​ជើង​ខ្លាំង​សញ្ជាតិ​ហ្វីលីពីន​ Eduard Folayang ​ឬ​ គេ​ស្គាល់​ថា​ «Landslide» ​​ត្រូវ​បាន​​​ជើង​ខ្លាំង​ Eddie Alvarez ​ឬ «The Underground King»​​ រៀប​គម្រោង​​យក​ឈ្នះ​​​​ពេល​ជួប​នៅ​សង្វៀន​ ONE: DAWN OF HEROES​ នា​ថ្ងៃ​​សុក្រ​ ទី​២​ ខែ ​សីហា​​​ ខាង​មុខ​នេះ។​ ​​​អ្នក​លេង​គុន​ចម្រុះ​​ពោរពេញ​ដោយ​បទ​ពិសោធន៍​​នឹង​ជួប​គ្នា​​​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​​ក្នុង​កម្មវិធី​ ONE Lightweight World Grand Prix ​នៅ​ក្រុង​ម៉ានីល​​ ប្រទេស​ហ្វីលីពីន​ដើម្បី​ដណ្ដើម​កៅ​អី​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។​ មុន​ពេល​ប្រកួត​​ Folayang ​​ត្រូវ​បាន​​​​សម្ភាសន៍​​​​​ខ្លី​មួយ​ពី​សំណាក់​ពិធីករ​របស់​ ONE Championship លោក​​ Mitch Chilson និង​ឆ្លើយ​​​​សំណួរ​ចំពោះ​​ល្បិច​ចង់​​ឈ្នះ​ពី​សំណាក់​ Alvarez។

Folayang ​បាន​​ថ្លែង​សារ​​ថា​ Alvarez ជា​កីឡាករ​ម្នាក់​គួរ​ឲ្យ​គោរព​ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​គិត​ក្នុង​​ផែន​ការ​នោះ​ គឺ​ ​​​ត្រូវ​បញ្ចប់​គូ​ប្រជែង​តាម​រយៈ​​​តិកនិក​ដ៏​អង់អាច​​របស់​ខ្លួន។ ​អតីត​​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Lightweight Championship ​​បាន​បញ្ជាក់​​បែប​នេះ៖«​​ខ្ញុំ​នឹង​រៀប​គម្រោង​ដាល់​​គេ​​​ដោយ​កណ្ដាប់​ដៃ​ស្ដាំ​របស់​ខ្ញុំ, ​​​គាប​គេ​ទៅ​​នឹង​ក្ដារ​រេញ, និង​​វាយ​​ឲ្យ​គេ​ចុះ​ចាញ់​តែ​ម្ដង»។ ​​​វីរបុរស​របស់​ហ្វីលីពីន​មក​ក្លិប​ Team Lakay ​កំពុង​មាន​ឆន្ទៈ​ និង ​កម្លាំង​ចិត្ត​ជា​​ខ្លាំង​​ក្នុង​គោល​​​ដៅ​បំបាក់​​​អ្នក​លេង​គុន​ចម្រុះ​ដ៏​មាន​បទ​ពិសោធន៍​មក​ពី​​រដ្ឋ Philadelphia​ សហរដ្ឋ​អាមេរិក។

បុរស​​វ័យ​៣៤​ ឆ្នាំ​​សង្កត់​ធ្ងន់​​​ថា ​៖«​ខ្ញុំ​បាន​​ទស្សនា​ វីដេអូ​ជា​​ច្រើន​អំពី​ការ​ប្រកួត​របស់​ Alvarezគេ​ជា​កីឡាករ​​ល្អ​ណាស់​ ជា​​ពិសេស​ការ​ប្រកួត​ក្នុង​ជំហរ។ ​​ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​រៀប​ចំ​ដើម្បី​​ទប់​ទល់។​ ខ្ញុំ​​រៀប​គម្រោង​ប្រយុទ្ធ​​ដេក​ទៅ​នឹង​ក្ដារ​រេញ ឬ ​ ប្រើ​ក្បាច់​ចំបាប់​ ​​ដែល​អាច​ធ្វើ​​ឲ្យ​រូប​គេ​លំបាក​តដៃ»។

តារា​ប្រចាំ​សង្វៀន​ ONE បន្ត​​ថា​៖«​វា​ជា​ការ​ពិត​ ​នេះ​ជា​ក្បាច់​​គុន​ចម្រុះ។ អ្នក​អាច​បង្កើត​​ក្ដី​រំពឹង​ច្រើន​​​ដោយ​សារ​តិកនិក​ប្រកួត​ និង​ បច្ចេកទេស​​ជា​ច្រើន។ ​ខ្ញុំ​បាន​​​ត្រៀម​រួច​រាល់​ហើយ។ ​យើង​​​ជា​ម្ចាស់​ផ្ទះ ដូច្នេះ​យើង​ត្រូវ​តែ​​​​ធ្វើ​ឲ្យ​ល្អ​បំផុត​នៅ​​យប់​ថ្ងៃ​សុក្រ​នេះ»

Eduard Folayang ​​មាន​កំណត់​​ប្រកួត​​គុន​ចម្រុះ​​ចំនួន​ ២៨ ​លើក​ ​ក្នុង​នោះ​ឈ្នះ​ ២១ លើក​ និង ចាញ់ ៧ លើក។ ចំណែក​ Eddie Alvarez ​មាន​​កំណត់​ត្រា​ប្រកួត​ដល់ ៣៧ ​លើក​​ក្នុង​នោះ​ ឈ្នះ ២៩ លើក និង​ ​​ចាញ់ ៧​​ លើក​​ដូច​ Folayang ដែរ។

អ្នក​ឈ្នះ​​រវាង​ Eduard Folayang និង​​ Eddie Alvarez​​ នឹង​ឡើង​ទៅ​ជួប​​ Saygid Guseyn Arslanaliev ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ONE Lightweight World Grand Prix ​​​​នៅ​សង្វៀន​ ONE: CENTURY ​នា​ថ្ងៃ​ទី​ ១៣ ខែ តុលា​ ​ឆ្នាំ​ ២០១៩​ ខាង​មុខ៕

អត្ថបទ៖ ស៊ីធី

 

 

 

Loading...