បាល់ទាត់

ខ្សែប្រយុទ្ធ៣រូប ស្ថិតក្នុងបញ្ជីនាំមករួមក្រុមរបស់ Chelsea សម្រាប់ខែមករា ខាងមុខនេះ

មុនរដូវកាលដោះដូរកីឡាករខែមករាខាងមុខនេះ ក្លឹបតោខៀវ Chelsea បានកំពុងទាក់ទង និងដាក់កីឡាករខ្សែប្រយុទ្ធ៣រូប ស្ថិតនៅក្នុងជម្រើសនាំមកទឹកដី Stamford Bridge របស់ខ្លួន បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធទោលទាំង២រូបពោលគឺ Alvaro Morata និង Olivier Giroud មិនអាចបង្ហាញសមត្ថភាពបំពេញតម្រូវការក្នុងក្រុមបានពេញលេញនៅឡើយ។ កីឡាករ៣រូបដែលត្រូវគេរំពឹងថា អាចនឹងមានម្នាក់ឈានជើងមកកាន់ក្លឹបជើងឯកលីគកំពូលអង់គ្លេស ៦សម័យកាលនេះរួមមាន៖

១.Gonzalo Higuain 

ខ្សែប្រយុទ្ធវ័យចាស់ខាងលើ ត្រូវគេរំពឹងថានឹងមានភាគរយខ្ពស់ជាងគេ ក្នុងការឈានជើងមកកាន់ទឹកដីអង់គ្លេស ជាមួយក្លឹប Chelsea ពីព្រោះអតីតកីឡាករ Real Madrid, Juventus, Napoli ខាងលើនេះធ្លាប់ធ្វើការដោយជោគជ័យ ជាមួយអ្នកចាត់ការទូទៅក្លឹបតោខៀវបច្ចុប្បន្ននោះគឺ លោក Maurizio Sarri នៅពេលពួកគេទាំង២រូបស្នាក់នៅ Napoli ជាមួយគ្នា។ ខ្សែរប្រយុទ្ធវ័យ ៣១ឆ្នាំ Higuain រូបនេះបច្ចុប្បន្នត្រូវបាន Juventus ដាក់អោយខ្ចីជើងនៅក្លឹប AC Milan ដូច្នេះខាងភ្នាក់ងារក្លឹប Chelsea ត្រូវតែមមាញឹកបន្តិចក្នុងការចចារជាមួយក្លឹបដើម និងក្លឹបបច្ចុប្បន្នរបស់កីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ។

២.Christian Pulisic 

ខ្សែប្រយុទ្ធជម្រើសជាតិសហរដ្ឋអាមេរិក វ័យ២០ឆ្នាំខាងលើនេះ ក៏បានស្ថិតនៅក្នុងបញ្ជីនាំចូលមកកាន់ទឹកដី Stamford Bridge ផងដែរ បន្ទាប់ពីចំណាយពេលនៅជាមួយក្លឹបយក្សអាល្លឺម៉ង់ Borussia Dortmund ឈុតធំ ៤រដូវកាលមកនេះ។ នៅក្នុងរដូវកាល២០១៨-១៩ នេះ កីឡាករកើតឆ្នាំ១៩៩៨ ខាងលើបានបង្ហាញខ្លួន ១៧ដងអោយក្លឹប និងរកបានចំនួន ៣គ្រាប់ផងដែរ។

៣.Nabil Fekir

កីឡាករបម្រើប្រយុទ្ធរបស់ក្លឹបបារាំង Olympique Lyonnais (Lyon) វ័យ២៥ឆ្នាំ Nabil Fekir ក៏ស្ថិតនៅក្នុងភ្នែករបស់លោក Maurizio Sarri ដើម្បីយកទៅសម្រួចតំបន់ប្រយុទ្ធរបស់គាត់នៅ Chelsea ផងដែរ។ កីឡាករសញ្ជាតិបារាំងខាងលើនេះ ក្នុងឈុតធំមិនដែលបានផ្លាស់ចេញទៅណាឡើយក្រៅពីក្លឹបបណ្តុះបណ្តាលរបស់ខ្លួនតាំងពីយុវជនមកនោះគឺ Lyon ឡើយ។ ក្នុងរយៈពេល៦រដូវកាលមកទល់បច្ចុប្បន្ន បន្ទាប់ពីត្រូវតម្លើងពីយុវជនមក កីឡាករកម្ពស់ ១.៧៣ម៉ែត្រ ខាងលើ បានបង្ហាញខ្លួនសរុប ១៧០ដង និងរកបាន ៦៤គ្រាប់ជាផ្លូវការអោយគ្រប់ការប្រកួតរបស់ក្លឹប៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628