គ្រូជម្រើសជាតិអាហ្វ្រិកខាងត្បូង ចុះចេញពីតំណែងក្រោយដឹកនាំពុំល្អនៅ Africa Cup of Nations

លោក Stuart Baxter បានប្រកាសចុះចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិអាហ្វ្រិកខាងត្បូង បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិមួយនេះធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ Africa Cup of Nations ខែមុននេះ។

ជារួមទៅនេះគឺជាលើកទី២ ក្នុងការឈានជើងមកដឹកនាំក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងសម្រាប់បុរសជនជាតិអង់គ្លេស វ័យ៦៦ឆ្នាំខាងលើនេះ ពោលកាលពីលើកទី១ រូបលោកធ្លាប់ដឹកនាំពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៥។

ក្នុងព្រឹត្តិការណ៍លំដាប់ទ្វីបអាហ្រ្វិក Africa Cup of Nations ខែមុន ដែលបានរៀបចំឡើងនៅប្រទេសអេហ្ស៊ីប Stuart Baxter បានជួយឲ្យជម្រើសជាតិរហស្សនាម Bafana Bafana ខាងលើ ឡើងផុតវគ្គចែកពូល និងបន្តទម្លាក់ម្ចាស់ផ្ទះអេហ្ស៊ីប ទៀតផង។ តែមិនសំណាងនោះឡើយ ពេលឡើងមកដល់វគ្គ៨ក្រុមចុងក្រោយបែរជាបរាជ័យថ្វីជើងជម្រើសជាតិនីហ្សេរីយ៉ា ដោយលទ្ធផល ២ទល់១ ទៅវិញ។

រយៈពេល២ឆ្នាំ ក្នុងការដឹកនាំលើកទី២ ឲ្យក្រុមជម្រើសជាតិមួយនេះអតីតកីឡាករក្លឹប Preston North End FC នៅអង់គ្លេស ខាងលើបានដឹកនាំប្រកួតផ្លូវការសរុប ៣០ដង ក្នុងនោះឈ្នះ១៤ ស្មើរ៦ និងចាញ់១០លើក។ ខណៈស្ថិតិរួមគិតតាំងពីដឹកនាំលើកទី១នោះគឺ ៥២ដង ឈ្នះ២៣ដង ស្មើរ១៣ដង និងចាញ់១៦ដង៕

Loading...