Messi ត្រូវពិន័យ ៥មុឺនដុល្លារ ជាមួយការហាមលេងឲ្យជាមួយក្រុមជម្រើសជាតិ៣ខែ

ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងមិនអាចកោះហៅកំពូលខ្សែប្រយុទ្ធរបស់ខ្លួន Lionel Messi មកជួយក្រុមបានឡើយមុនខែវិច្ឆិកា ឆ្នាំនេះ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងត្បូង (CONMEBOL) ដាក់ពិន័យរយៈពេល៣ខែ ជាមួយទឹកប្រាក់ ៥០ ០០០ដុល្លារ។

ខ្សែប្រយុទ្ធរបស់ក្លឹបយក្សអេស្ប៉ាញ FC Barcelona ខាងលើ ត្រូវបាន CONMEBOL ដាក់ពិន័យលើការចោទប្រកាន់ដោយគ្មានអំណះអំណាងរបស់គាត់ ទៅលើខាងសហព័ន្ធថាបានប្រព្រឹត្តិអំពើពុករលួយ ក្នុងការរៀបចំប្រកួតព្រឹត្តិការណ៍ Copa America កន្លងមកនៅក្នុងប្រទេសប្រេស៊ីល។

រម្លឹកមកវិញ Lionel Messi ទទួលបានកាតក្រហមក្នុងការប្រកួតដណ្តើមចំណាត់ថ្នាក់លេខរៀងទី៣ នៅក្នុងព្រឹត្តិការណ៍ Copa America ២០១៩ ទល់ជាមួយឈីលី កាលពីខែមុន។ ក្រោយបញ្ចប់ការប្រកួត ម្ចាស់ពាន Ballon O’dor ៥សម័យកាលខាងលើ ពុំបានបង្ហាញខ្លួនជាមួយមិត្តរួមក្រុមដទៃទៀត ក្នុងកិច្ចសម្ភាសន៍ជារួមឡើយ។ មិនត្រឹមតែប៉ុណ្នឹង ម្ចាស់អាវលេខ១០ខាងលើ បែរជានិយាយចោទទៅលើខាងគណៈកម្មការរៀបចំការប្រកួតថា បានប្រព្រឹត្តិអំពើពុករលួយ ជាហេតុជួយឲ្យម្ចាស់ផ្ទះប្រេស៊ីល គ្រងជើងឯកទៅវិញ។

ក្រោយរឿងរ៉ាវនេះ CONMEBOL បានបើកការស៊ើបអង្កេត ហើយជាលទ្ធផលក៏បានដាក់ពិន័យលើ Lionel Messi តម្រូវឲ្យបង់ប្រាក់ ៥០ ០០០ដុល្លារ និងហាមមិនឲ្យលេងជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន រយៈពេល៣ខែ និងទុករយៈពេល១សប្តាហ៍ប្រសិនបើចង់តវ៉ា។

បើពុំមានការតវ៉ានោះទេ កីឡាករវ័យ៣២ឆ្នាំរូបនេះនឹងត្រូវអវត្តមានជួយ អាហ្សង់ទីន ប្រកួតមិត្តភាពទល់ឈីលី មុិកស៊ិក និងអាល្លឺម៉ង់ នេះបើគិតតាមរយៈពេលនៃការពិន័យ៕

 

Loading...