កូរ៉េខាងជើង យល់ព្រមធ្វើម្ចាស់ផ្ទះស្វាគមន៍ភ្ញៀវ កូរ៉េខាងត្បូង លើកដំបូងគិតពីឆ្នាំ១៩៩០

កូរ៉េខាងជើង យល់ព្រមបើកទ្វារកីឡដ្ឋានរបស់ខ្លួនធ្វើជាម្ចាស់ផ្ទះទទួលបងប្អូនឈាមជ័រតែមួយ កូរ៉េខាងត្បូង ក្នុងវគ្គជម្រុះទៅកាន់ FIFA World Cup ២០២២ នាពេលខាងមុខនេះ។

តាមការផ្សាយចេញជាផ្លូវការ កូរ៉េខាងជើង យល់ព្រមដោយពុំចាំបាច់ជ្រើសរើសទីតាំងផ្សេង (ម្ចាស់ផ្ទះជំនួស) ទៀតឡើយ ដែលកន្លងមកជារឿយៗ នៃការប្រកួតរវាងជម្រើសជាតិទាំងទ្វេ តែងតែប្រព្រឹត្តិទៅនៅក្រៅឧបទ្វីបកូរ៉េ ដោយភាគច្រើនជ្រើសរើស ជប៉ុន ចិន… ជាដើម។

កីឡដ្ឋាន Kim Il Sung Stadium ដែលអាចផ្ទុកអ្នកទស្សនាសរុប ៥០ ០០០នាក់ នឹងបើកទ្វារទទួលស្វាគមន៍ កូរ៉េខាងត្បូង នៅអំឡុងខែតុលា ឆ្នាំ២០១៩ ខាងមុខនេះ។

គួរឲ្យដឹងថា នេះគឺជាលើកដំបូងហើយបើគិតចាត់តាំងពីឆ្នាំ១៩៩០ មកដែលកូរ៉េខាងត្បូង ធ្លាប់ធ្វើដំណើរទៅលេងនៅកូរ៉េខាងជើង ក្នុងជំនួបមិត្តភាពម្ចាស់ផ្ទះយកឈ្នះ ២ទល់១ នាគ្រានោះ។

ប្រទេសទាំងពីរខាងលើ ស្ថិតនៅក្នុងពូល H នៃវគ្គជម្រុះ FIFA World Cup ២០២២ ជុំទី២ ថ្នាក់តំបន់អាស៊ី ដោយនៅរួមជាមួយ ស្រីលង្ការ ទួមេគីស្ថាន និងលីបង់៕

Loading...