អឺរ៉ាក់ នៅក្នុងពូលជាមួយកម្ពុជា ត្រូវបាន FIFA មិនអនុញ្ញាតិឲ្យធ្វើជាម្ចាស់ផ្ទះប្រកួតជម្រុះ World Cup ២០២២ ឡើយ

តាមរបាយការណ៍ចុងក្រោយបំផុតសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានចេញលិខិតហាមចំពោះជម្រើសជាតិអឺរ៉ាក់ ដោយមិនឲ្យអនុញ្ញាតិឲ្យរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតជម្រុះទៅកាន់ FIFA World Cup ២០២២ នោះឡើយ។

យោងតាមលិខិតប្រកាសរបស់ FIFA បានផ្ញើទៅកាន់សមាគមបាល់ទាត់អឺរ៉ាក់ (IFA) ដើម្បីឲ្យខ្នះខ្នែងស្វែងរកខ្ចីកីឡដ្ឋាន ដែលនៅប្រទេសទី៣ ផ្សេងណាមួយដើម្បីធ្វើជាម្ចាស់ផ្ទះត្រៀមយុទ្ធនាការប្រកួតជម្រុះ FIFA World Cup ២០២២ ថ្នាក់តំបន់អាស៊ី ជុំទី២ ដែលនឹងចាប់ផ្តើមឆាប់ៗខាងមុខនេះហើយ។

គួរឲ្យដឹងថា អឺរ៉ាក់ ស្ថិតនៅក្នុងពូល C ក្នុងដំណើរស្វែងរកកៅអីទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ជាមួយជម្រើសជាតិកម្ពុជាយើង ហុងកុង បារ៉ែន និងអឺរ៉ង់។ ខណៈការប្រកួតដំបូងរបស់ពួកគេ ត្រូវតតាំងជាមួយបារ៉ែន និងបន្តទៅប៉ះហុងកុង ប្រកួតទី២។

ចំពោះចំណាត់ការរបស់ FIFA ចំពោះសមាគមអឺរ៉ាក់ បែបនេះដោយសារតែគិតទៅលើបញ្ហាសន្តិសុខជាគោល ខណៈរៀងរាល់កន្លងមកកីឡដ្ឋាន Basra Sports Stadium គឺជាកីឡដ្ឋានសម្រាប់រៀបចំការប្រកួតអន្តរជាតិរបស់ជម្រើសជាតិអឺរ៉ាក់៕

 

Loading...