Liverpool ត្រៀមផ្តល់កិច្ចសន្យាខ្លីដល់អ្នកចាំទីវ័យចាស់ម្នាក់ ជំនួសរយៈពេល Alisson របួស

ហង្សក្រហម Liverpool បានសម្លឹងឃើញអ្នកចាំទីវ័យ៣៥ឆ្នាំ Andy Lonergan ត្រៀមផ្តល់កិច្ចសន្យារយៈពេលខ្លី ជំនួសមួយរយៈកាលនៃអ្នកចាំទី Alisson Becker របួស។

ក្រោយពីរបួសរបស់អ្នកចាំទីដៃទី១ Alisson Becker របួសក្នុងការប្រកួតបើកឆាក Premier League មកធ្វើឲ្យលោក Jurgen Klopp ក៏ឈឺក្បាលជាមួយបញ្ហាកង្វះអ្នកចាំទីផងដែរ។ ខណៈឞច្ចុប្បន្នតំណែងអ្នកចាំទី ប្រាកដជាធ្លាក់ទៅលើកីឡាករ  Adrian ដែលទើបផ្ទេរទៅចូលរួម Liverpool រដូវកាលថ្មីនេះ។

ជារួមទៅ Liverpool ក៏នៅសល់អ្នកចាំទីដៃទី៣ មួយរូបទៀតផងដែរពោលគឺកីឡាករយុវជន Caoimhin Kelleher ប៉ុន្តែជារឿងចៃដន្យក៏កំពុងជួបបញ្ហារបួសតាំងពីខែមុនមកដូចគ្នា។ ដូចនេះហើយបានជាអ្នកចាត់ការទូទៅលោក Jurgen Klopp ត្រូវតែសម្រេចចិត្តរកអ្នកចាំទីរូបណាដែលគ្មានតម្លៃខ្លួន ដើម្បីនាំមកការពារក្នុងមួយរយៈពេលនេះសិន។

កីឡាករអ្នកចាំទី Andy Lonergan ដ្បិតមានវ័យ៣៥ឆ្នាំក្តី តែរដូវកាលមុនបានបង្ហាញខ្លួនលេងនៅ Middlesbrough FC នៅក្របខណ្ឌលីគលំដាប់ទី២ ស្ថិតនៅក្នុងជម្រើសរបស់ Liverpool ព្រោះកាលពីមុនបើករដូវកាល អ្នកចាំទីសញ្ជាតិអង់គ្លេសខាងលើ ក៏មានឈ្មោះទៅហ្វឹកហាត់ក្នុងដំណើរ Pre-Season ជាមួយក្រុមតំណែងជើងឯក UEFA Champions League នេះផងដែរនៅទឹកដីសហរដ្ឋអាមេរិក។ តែគ្រានោះរូបគាត់ ពុំត្រូវបានផ្តល់កិច្ចសន្យាជាមួយក្លឹបនោះទេ ដោយ Liverpool សម្រេចចិត្តយក Adrian ជំនួសទៅវិញ៕

Loading...