ការផ្តល់សញ្ជាតិយឺតយ៉ាវ អ្នកចាំទី Filip Nguyen មិនអាចជួយជម្រើសជាតិវៀតណាម លេងជម្រុះ World Cup ទេ

អ្នកចាំទីកូនកាត់ឆេកូស្លូវ៉ាគី – វៀតណាម Filip Nguyen ដែលបច្ចុប្បនកំពុងលេងឲ្យក្លឹបអាជីពនៅលីគកំពូលឆេកូស្លូវ៉ាគី នាតំបន់អឺរ៉ុប ប្រហែលជាមិនអាចមានសិទ្ធិចូលលេងឲ្យជម្រើសជាតិវៀតណាម ក្នុងជុំទី១ នៃវគ្គជម្រុះ FIFA World Cup ២០២២ នោះទេ។

ខណៈពេលដែលសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) កំពុងដុតដៃដុតជើងខ្លាំង លើការរៀបចំសំណើបញ្ចូលកីឡាករកូនកាត់មកក្រុមជម្រើសជាតិ ប៉ុន្តែហាក់ដូចជាយឺតពេលបន្តិច បើតាមប្រភពពីសារព័ត៌មាន thethao247 បានឲ្យដឹងថា ដ្បិតអ្នកចាំទីវ័យ២៦ឆ្នាំរូបនេះបានស្ថិតនៅក្នុងជម្រើសរបស់លោក Park Hang-Seo ក៏ដោយ ប៉ុន្តែដំណើរការផ្តល់សញ្ជាតិតាមនីតិវិធីអាចទម្លាក់មកដល់បានយ៉ាងតិច អំឡុងចុងឆ្នាំ២០១៩ នេះឯណោះ។ ដូច្នេះយ៉ាងតិចណាស់ ក៏ត្រូវរងចាំដល់ឆ្នាំ២០២០ ឬចុងឆ្នាំ២០១៩ ទើប Filip Nguyen មានសិទ្ធិពាក់អាវជម្រើសជាតិវៀតណាមបាន។

ចំណែកឯជម្រើសជាតិវៀតណាម នឹងត្រូវមានភារកិច្ចក្នុងវគ្គជម្រុះ FIFA World Cup ២០២២ ជុំទី២ ថ្នាក់តំបន់អាស៊ី ចាប់ពីខែក្រោយនេះតទៅហើយនោះ ដោយបើកឆាកប៉ះជាមួយជម្រើសជាតិថៃ ថ្ងៃទី៥ ដើមខែក្រោយ និងបន្តជួប ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នៅខែតុលាទៀត ហើយចុងឆ្នាំអំឡុងខែវិច្ឆិកា នៅសល់២ប្រកួតទៀតដោយត្រូវប៉ះ អារ៉ាប់រួម និងថៃជើងទី២៕

Loading...