Diego Costa ត្រូវតុលាការអេស្ប៉ាញដាក់ពិន័យសរុប តាំងពីរឿងចាស់ឲ្យបង់ពន្ធ ១.៧លានអឺរ៉ូ

ខ្សែប្រយុទ្ធក្លឹប Atletico Madrid ពោលគឺកីឡាករ Diego Costa ត្រូវបានតុលាការអេស្ប៉ាញ ចេញសេចក្តីសម្រេចឲ្យបង់ពន្ធទៅរដ្ឋាភិបាល សរុប១.៧លានអឺរ៉ូ នៅក្នុងសប្តាហ៍នេះ។

បើតាមការចេញផ្សាយនៅកាសែតអេស្ប៉ាញ ម្សិលមិញនេះបានបង្ហាញថា កីឡាករវ័យ៣០ឆ្នាំខាងលើបានប្រព្រឹត្តបទល្មើសគេចពន្ធតាំងពីអំឡុងឆ្នាំ២០១៤ មកម្ល៉េះ ពោលគ្រាដែលរូបគេកំពុងលេងឲ្យក្លឹប Atletico Madrid នាពេលនោះ ក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Adidas ប៉ុន្តែពុំទាន់បានបង់ពន្ធជូនរដ្ឋបាលអេស្ប៉ាញ តាមគោលការណ៍ច្បាប់ឡើយ រូបគេក៏ផ្លាស់ទៅចូលរួមជាមួយ Chelsea បាត់។

បើយោងទៅតាមច្បាប់ Diego Costa ត្រូវបង់ពន្ធសរុបត្រឹមតែ ១.១លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែដោយសារតែមិនបានបង់ពន្ធពីដើមទីមក ហើយផ្ទេរចេញទៅអង់គ្លេសបាត់ ហើយទើបត្រឡប់មកវិញនៅឆ្នាំ២០១៨ កន្លងទៅនេះ ដូច្នេះហើយរូបគេប្រឈមមុខនឹងការជាប់ទោស ដោយត្រូវនៅក្នុងពន្ធនាគារ៦ខែ ប៉ុន្តែអាចមានលក្ខខណ្ឌបង់ជាប្រាក់ស្នើសុំនៅក្រៅឃុំ ដោយតម្រូវបង់បន្ថែមទៀតទើបត្រូវបង់សរុប ១.៧លានអឺរ៉ូនេះឯង។

កន្លងរៀងមក បញ្ហាពន្ធកីឡាករបាល់ទាត់នេះ សឹងស្ទើរតែជារឿងសាមញ្ញសម្រាប់ប្រទេសអេស្ប៉ាញទៅហើយ សូម្បីតែកីឡាករល្បីៗ ដទៃទៀតដូចជា Lionel Messi… ជាដើមក៏ធ្លាប់ត្រូវតុលាការអេស្ប៉ាញ ដាក់ពិន័យស្រដៀងករណីខាងលើដូចគ្នា៕

Loading...