AFF U18៖ សៀង ចន្ធា ឈរចំណាត់ថ្នាក់លេខ៣ អ្នករកគ្រាប់ច្រើនជាងគេ គិតត្រឹមបិទវគ្គពូល

ព្រឹត្តិការណ៍បាល់ទាត់ថ្នាក់តំបន់អាស៊ីអាគ្នេយ៍កម្រិតក្រោមវ័យ១៨ឆ្នាំ AFF U18 Championship ២០១៩ ដែលកំពុងរៀបចំនៅប្រទេសវៀតណាម បានឈានមកដល់ការបិទបញ្ចប់វគ្គចែកពូលជាផ្លូវការម្សិលមិញនេះហើយ។

៣០ប្រកួតកន្លងផុត រួមជាមួយការទាត់បាល់បញ្ចូលទីគ្នាសរុប១១១គ្រាប់ ទីបំផុតក៏រកឃើញ៤ក្រុមឡើងទៅវគ្គបន្ទាប់ដែលរួមមានពីពូល A ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ខណៈពូល B មាន អូស្ត្រាលី និងម៉ាឡេស៊ី។

យ៉ាងណាក្តីក្រឡេកមកមើលតួរលេខអ្នកទាត់បញ្ចូលទីច្រើនជាងគេវិញ បើគិតត្រឹមបិទបញ្ចប់វគ្គចែកពូល កីឡាករ Dylan Ruiz Diaz របស់ជម្រើសជាតិអូស្ត្រាលី U18 គឺកំពុងកាន់កាប់ឈ្មោះអ្នករកគ្រាប់បាល់ច្រើនជាងគេ ៦គ្រាប់ ខណៈរូបគេក៏នៅអាចមានឳកាសរកគ្រាប់បន្ថែមទៀតនៅវគ្គខ្វែងខាងមុខនេះ។  Mouzinho Barreto de Lima មកពីទីម័រខាងកើត U18 ក៏រកបាន៦គ្រាប់ដូចគ្នា ប៉ុន្តែសោកស្តាយក្រុមជម្រើសជាតិរបស់គេ មិនបានឆ្លងផុតវគ្គចែកពូលនោះទេ។

ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករឥណ្ឌូនេស៊ី Amiruddin Bagus Kahfi Al-Fikri ដែលរកបាន៥គ្រាប់ម្នាក់ឯង។

ចំណែកចំណាត់ថ្នាក់លេខ៣រួមមាន២រូប ក្នុងនោះម្នាក់គឺជាខ្សែប្រយុទ្ធមុតស្រួចរបស់ក្រុមជម្រើសជាតិគោព្រៃកម្ពុជា U18 យើងពោលគឺ សៀង ចន្ធា ដែលរកបាន៤គ្រាប់ រួមជាមួយកីឡាករហ្វីលីពីន Carlo Guanzon Dorin ប៉ុន្តែពួកគេទាំងទ្វេក៏អស់ឳកាសប្រជែងរកគ្រាប់បាល់បន្តទៀតដូចគ្នាត្រឹមវគ្គនេះហើយ។

៤គ្រាប់របស់ម្ចាស់អាវលេខ៩ខាងលើ រកបានដោយទម្លាយសំណាញ់ទីអូស្ត្រាលី១គ្រាប់ ២គ្រាប់ទៀតទម្លុះទីរបស់ថៃ និង១គ្រាប់ចុងក្រោយនៅប្រកួតបិទពូលចូលសំណាញ់ទីវៀតណាម៕

Loading...