ជម្រើសជាតិនេប៉ាល់ សុំណាត់ក្លឹបល្បីលីគកំពូលម៉ាឡេស៊ី មិត្តភាពមុនលេងជម្រុះ World Cup ២០២២

ជម្រើសជាតិនេប៉ាល់ ​នឹងធ្វើដំណើរមកកាន់ប្រទេសម៉ាឡេស៊ី សារជាថ្មីម្តងទៀត ក្នុងដំណើរប្រកួតមិត្តភាពដកស្រង់បទពិសោធន៍ជាមួយក្លឹប Johor Darul Ta’zim FC ដើម្បីត្រៀមខ្លួនប្រកួតវគ្គជម្រុះ FIFA World Cup ២០២២ ទៅកាន់ប្រទេសកាតា។

ការប្រកួតមិត្តភាពអន្តរជាតិខាងលើ អាចនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែសីហា នេះ ដោយ Johor Darul Ta’zim នឹងបើកកីឡដ្ឋានខ្លួនទទួលក្រុមជម្រើសជាតិមកពីតំបន់អាស៊ីខាងត្បូងខាងលើនេះ។

ចំពោះការប្រកួតមិត្តភាពមួយនេះ គឺជាការប្រកួតមិត្តភាពត្រៀមខ្លួនតែមួយគត់របស់ក្រុមជម្រើសជាតិនេប៉ាល់ ខណៈពួកគេស្ថិតនៅក្នុងពូល B នៃវគ្គជម្រុះ FIFA World Cup ឆ្នាំ២០២២ ថ្នាក់តំបន់អាស៊ី ជុំទី២ ដោយស្ថិតនៅរួមពូលជាមួយ អូស្ត្រាលី ហ្សក់ដានី គុយវែត និងឆាយនីសតែបុិ។

ចំពោះជំនួបបើកឆាក នេប៉ាល់ នឹងត្រូវតតាំងជាមួយ គុយវែត នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ពោលគឺរយៈពេល១០ថ្ងៃក្រោយការប្រកួតមិត្តភាពទល់ Johor Darul Ta’zim ៕

Loading...