ស្ថានភាពមិនស្រួល FIFA តែងតាំងគណៈកម្មាធិការគ្រប់គ្រងសមាគមបាល់ទាត់អេហ្ស៊ីប ជាបណ្តោះអាសន្ន

សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានសម្រេចចិត្តលូកដៃចូលទៅអន្តរាគមន៍ក្នុងពិភពបាល់ទាត់អេហ្ស៊ីប ពោលគឺដោយសម្រេចបង្កើតគណៈកម្មាធិការគ្រប់គ្រងសមាគមបាល់ទាត់អេហ្ស៊ីប ដែលជាស្ថាប័នកំពូលនៅក្នុងប្រទេសមួយនេះជាបណ្តោះអាសន្ន។

ការបង្កើតគណៈកម្មាធិការគ្រប់គ្រងបណ្តោះអាសន្ននេះកើតឡើង ក្រោយការដែលលោក Hani Abou Rida អតីតប្រធានសមាគមបាល់ទាត់អេហ្ស៊ីប បានប្រកាសលាលែងពីតំណែង ក្រោយជម្រើសជាតិអេហ្ស៊ីប ធ្វើពុំបានល្អនៅក្នុងព្រឹត្តិការណ៍ African Cup of Nations ដែលក្នុងនាមពួកគេជាម្ចាស់ផ្ទះ។ មិនត្រឹមតែបែបនេះឡើយ មុនការចាកចេញរូបគាត់ក៏បានបញ្ឈប់មុខងារ និងតំណែងចំពោះសមាជិក បុគ្គលិក ជាច្រើនផ្នែកនៅក្នុងស្ថាប័ននេះថែមទៀត។ ដោយសារតែបែបនេះហើយបានបង្ករឲ្យមានភាពមិនប្រក្រតី នៅក្នុងពិភពបាល់ទាត់អេហ្ស៊ីប ទើប FIFA សម្រេចចិត្តបោះជំហានចូលក្នុងបញ្ហានេះ។

តាមសេចក្តីប្រកាសរបស់ FIFA បានបង្ហាញថា ការបង្កើតគណៈកម្មាធិការគ្រប់គ្រងបណ្តោះអាសន្ននេះឡើយ ដើម្បីចូលរួមដោះស្រាយ និងធ្វើយ៉ាងណាឲ្យដំណើរការគ្រប់ផ្នែកលើវិស័យបាល់ទាត់អេហ្ស៊ីបឲ្យមានភាពប្រក្រតីធម្មតា និងចូលរួមក្នុងការរៀបចំបោះឆ្នោតជ្រើសរើសប្រធានសមាគមថ្មីនាពេលខាងមុខផងដែរ៕

Loading...