សារជាថ្មី FIFA អនុញ្ញាតិឲ្យ អឺរ៉ាក់ (ពូលជាមួយកម្ពុជា) មានសិទ្ធិធ្វើជាម្ចាស់ផ្ទះប្រកួតជំរុះ World Cup

ទីបំផុតសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) បានចេញសេចក្តីសម្រេចអនុញ្ញាតិឲ្យ អឺរ៉ាក់ អាចមានសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះក្នុងប្រទេសខ្លួនឯងសារជាថ្មី ក្នុងការប្រកួតជំរុះ FIFA World Cup ២០២២ និង AFC Asia Cup ២០២៣ ។

រំលឹកមកមុននេះបន្តិច FIFA បានចេញចំណាត់ការចំពោះសមាគមកីឡាបាល់ទាត់អឺរ៉ាក់ ដោយមិនអនុញ្ញាតិឲ្យមានសិទ្ធិក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតខ្នាតអន្តរជាតិឡើយ ពីព្រោះតែគិតលើបញ្ហាសន្តិសុខជាគោល។ ខណៈការប្រកួតជំរុះ FIFA World Cup ២០២២ និង AFC Asia Cup ២០២៣ ជិតមកដល់ថែមទៀតនោះ ស្ថាប័នកំពូលបាល់ទាត់ពិភពលោកនេះ ក៏បានសម្រេចឲ្យ អឺរ៉ាក់ ស្វែងរក និងជ្រើសរើសទឹកដីកណ្តាល (ទឹកដីទី៣) របស់ប្រទេសណាមួយសម្រាប់រៀបចំ។

ប៉ុន្តែចុងក្រោយមានការតវ៉ា និងសើរើសារជាថ្មី ជាលទ្ធផលក្រុមប្រឹក្សាភិបាល FIFA ក៏បានសម្រេចអនុញ្ញាតិឲ្យអឺរ៉ាក់ ទទួលសិទ្ធិរៀបចំការប្រកួតលើទឹកដីខ្លួនឯងតែម្តងក្នុងយុទ្ធនាការចាប់ពីខែក្រោយនេះតទៅ។

គួរឲ្យដឹងថា អឺរ៉ាក់ ស្ថិតនៅក្នុងពូល C ក្នុងដំណើរស្វែងរកកៅអីទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ជាមួយជម្រើសជាតិកម្ពុជាយើង ហុងកុង បារ៉ែន និងអឺរ៉ង់៕

Loading...