កីឡាករទី១ ដែលមានកំណើតជាជាតិដទៃសុទ្ធសាធ ត្រូវបង្ហាញខ្លួនឲ្យជម្រើសជាតិចិន នាថ្ងៃស្អែកនេះ

ខ្សែប្រយុទ្ធមានកំណើតជាជនជាតិប្រេស៊ីល Elkeson នឹងពាក់អាវជម្រើសជាតិចិនជាផ្លូវការ ហើយក៏នឹងក្លាយជាកីឡាករទី១ ក្នុងប្រវត្តិសាស្ត្រជម្រើសជាតិចិន ដែលមានជនជាតិដទៃសុទ្ធសាធ លេងលើទីលាននាថ្ងៃស្អែកនេះ។

កីឡាករខ្សែប្រយុទ្ធវ័យ៣០ឆ្នាំខាងលើ អាចនឹងត្រូវជាប់ជម្រើសដំបូងថែមទៀតក្នុងការប្រកួតបើកឆាកនៃព្រឹត្តិការណ៍ជម្រុះ FIFA World Cup ២០២២ ដែលជម្រើសចិន ត្រូវតទល់ជម្រើសជាតិកោះម៉ាឌីវ នាថ្ងៃស្អែកនេះ។

Elkeson ឬត្រូវបានហៅជាឈ្មោះចិន Ai Kesen បានបង្ហាញចំណាប់អារម្មណ៍ដូចតទៅនេះ៖

៉ ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង…. កាលដើមឡើយ ខ្ញុំបានពិភាក្សាជាមួយម្តាយឪពុក និងគ្រួសាររបស់ខ្ញុំចំពោះការសម្រេចចិត្តមួយនេះ។ ហើយពួកគេទាំងអស់គ្នា សប្បាយចិត្តដូចខ្ញុំផងដែរ។ ក្នុងរយៈពេល៧ឆ្នាំនៅក្នុងប្រទេសចិន ខ្ញុំបានផ្តល់អ្វីៗគ្រប់យ៉ាងដើម្បីបាល់ទាត់ចិន។ ខ្ញុំពិតជាសប្បាយចិត្ត ដែលមានឳកាសលេងឲ្យជម្រើសជាតិចិន ក្នុងវគ្គជម្រុះ World Cup លើកនេះ។  ៉ 

គួរឲ្យដឹងថា Elkeson បច្ចុប្បន្នជាខ្សែប្រយុទ្ធរបស់ក្លឹបលីគកំពូលចិន Guangzhou Evergrande Taobao FC ហើយរូបគេធ្លាប់បង្ហាញខ្លួននៅក្នុងវិស័យបាល់ទាត់ចិន សរុបទល់សព្វថ្ងៃ៤២២លើក ព្រមទាំងរកបាន១៨០គ្រាប់រួមផង៕

Loading...