បាល់ទាត់

មកស្គាល់ប្រធានក្រុមជម្រើសជាតិអឺរ៉ង់ ធ្លាប់លេងនៅលីគកំពូលអេស្ប៉ាញ៥រដូវកាល

ជម្រើសជាតិអឺរ៉ង់ បានកំពុងហ្វឹកហាត់ត្រៀមខ្លួនចាំជួប ជម្រើសជាតិកម្ពុជាយើង ក្នុងការប្រកួតប៉ុន្មានថ្ងៃខាងមុខទៀតនេះ នៃវគ្គជម្រុះ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ។

អឺរ៉ង់ ក៏បានកោះហៅកីឡាករសរុបចំនួន២៣នាក់ចេញជាបញ្ជីផ្លូវការផងដែរ ខណៈក្នុងនោះសមសភាពប្រធានក្រុមពោលគឺកីឡាករ Masoud Shojaei ក៏មានឈ្មោះដដែល។

កីឡាករវ័យ៣៥ឆ្នាំខាងលើ បានក្លាយជាប្រធានក្រុមនៃក្រុមជម្រើសជាតិចឈរលេខរៀងចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីខាងលើ ក៏ព្រោះមានបទពិសោធន៍ហូរហៀរក្នុងវិស័យមួយនេះ ស្របនឹងអាយុក៏ចាស់ទុំ ព្រមទាំងជាប់ជម្រើសជាតិនេះ១៥ឆ្នាំមកហើយ បើគីតពីជាប់ឈុតដំបូងត្រឹមឆ្នាំ២០០៤ មកទល់ពេលនេះ។

Masoud Shojaei គឺចាប់ផ្តើមចូលហ្វឹកហាត់បាល់ទាត់តាំងពីឆ្នាំ១៩៩៩ ហើយក៏បានឳកាសលេងលីគអាជីបអឺរ៉ង់ ដំបូងនាឆ្នាំ២០០២ ។ ក្រោយបង្ហាញសមត្ថភាពបានល្អ ត្រឹមតែអាយុ១៩ឆ្នាំ ក៏ត្រូវបានក្លឹបនៅប្រទេសកាតា Al-Sharjah ចុះកិច្ចសន្យានាំយកទៅទីនោះ។

ក្នុងឆ្នាំ២០០៨ វេលាមួយដែលក្លឹបនៃលីគកំពូលកាតាខាងលើ ធ្វើដំណើរទៅប្រកួតមិត្តភាពមុនបើករដូវកាលនៅប្រទេសអេស្ប៉ាញ ហើយក៏ជាពេលវេលាដែលធ្វើឲ្យក្លឹបនៅអេស្ប៉ាញចាប់អារម្មណ៍ និងបានផ្ទេរយករូបគេទៅ ពោលគឺក្លឹប CA Osasuna ដែលជាសមាជិកនៃលីគកំពូលអេស្ប៉ាញតែម្តង។

បង្ហាញខ្លួននៅក្របខណ្ឌ La Liga ៥រដូវកាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ក្នុងនាមជាខ្សែបម្រើកីឡាករខាងលើបង្ហាញខ្លួនសរុប១១២លើក និងរកបាន៩គ្រាប់ផងដែរ។ នៅរដូវកាល២០១៣/២០១៤ ក៏បានផ្ទេរទៅកាន់ក្លឹប La Palmas ដែលស្ថិតនៅលីគលំដាប់ទី២ អេស្ប៉ាញ ដោយបង្ហាញខ្លួនសរុប៣១លើក និងរកបាន៦គ្រាប់រួមផង មុនចាកចេញពីតំបន់អឺរ៉ុប ត្រឡប់មកលេងឲ្យក្លឹបនៅប្រទេសកាតា និងប្រទេសកំណើតខ្លួនវិញ ស្របពេលវ័យកាន់តែចាស់។

ក្នុងជម្រើសជាតិវិញកីឡាករម្ចាស់អាវលេខ៧ ខាងលើបានកោះហៅដំបូងនាឆ្នាំ២០០៤ បើគិតមកទល់សព្វថ្ងៃបានបង្ហាញខ្លួនសរុប៨៩លើក ក៏រកបានសរុប៨គ្រាប់ផងដែរ។

បច្ចុប្បន្នភាពកីឡាកររូបនេះកំពុងប្រកបអាជីពនៅក្លឹប Tractor SC សមាជិកនៃលីគកំពូលអឺរ៉ង់។

អឺរ៉ង់ នឹងជួបកម្ពុជា នៅកីឡដ្ឋាន Azadi Stadium ដែលផ្ទុកអ្នកទស្សនាបានសរុប ១០០ ០០០នាក់ ខណៈការប្រកួតរៀបចំឡើងនៅថ្ងៃទី១០ ខាងមុខនេះ ​វេលាម៉ោង ៨ៈ៣០នាទី (ម៉ោងនៅកម្ពុជា) ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628