ប្រដាល់

Samy Sana គិត​អំពី​កិត្តិយស​ជា​ជាង​​ប្រាក់​រង្វាន់​លុយ​១​លាន​ដុល្លារ​ពេល​ប៉ះ​ ​Giorgio Petrosyan

មនុស្ស​ជា​ច្រើន​បាន​គិត​អំពី​ប្រាក់​រង្វាន់​ ១​លាន​ដុល្លារ​អាមេរិក​​ជា​ការ​លើក​ទឹក​ចិត្ត​ដ៏​សំខាន់​ ប៉ុន្តែ​ Samy Sana ​ខ្លួន​​ឯង​គិត​ថា​​​កិត្តិយស​​សំខាន់​ជាង​អ្វី​ទាំង​អស់​ពេល​ប៉ះ​​ Giorgio Petrosyan ​នៅ​​កម្មវិធី​​ ONE: CENTURY PART II។ ​

នៅ​ថ្ងៃ​អាទិត្យ​​ទី​ ១៣​ ​ខែ តុលា ឆ្នាំ ២០១៩ ​​កីឡាករ​មក​ពី​បារាំង​ Samy Sana ឬ ​គេ​ស្គាល់​ថា «AK47» ​ត្រូវ​តទល់​នឹង ជើង​ខ្លាំង​​​​​​កូន​កាត់​អាមេនី-អ៊ីតាលី  Giorgio Petrosyan ឬ រហស្ស​នាម​ «The Doctor» ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​ONE Featherweight World Grand Prix Championship។

កីឡាករ​​វ័យ​ ៣០ ឆ្នាំ​រូប​នេះ​​គ្រោង​​បង្កើត​កំណត់​ត្រា​ជា​ប្រវត្តិសាស្ត្រ​​ក្នុង​ការ​ប្រកួត​ដ៏​ធំ​នេះ។ «​វា​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​​ក្នុង​ទសវត្ស​​នេះ។​ ​វា​ជា​ការ​ប្រជែង​យក​ខ្សែ​ក្រវាត់​ ដែល​មាន​ប្រាក់​រង្វាន់​ ១ លាន​ដុល្លារ​។ ​អ្នក​មិន​អាច​ខក​ខាន​​ទស្សនា​​បាន​ទេ។ ប៉ុន្តែ​ដោយ​ស្មោះ​ត្រង់​ ខ្ញុំ​មិន​ផ្ដោត​លើ​ ១ លាន​ដុល្លារ​ តែ​​កិត្តិយស​​របស់​ខ្ញុំ​​ធំ​ជាង»។ ​ Samy Sana ​ថ្លែង​បែប​នេះ។

«​​ខ្ញុំ​មក​ទី​​នេះ​ដើម្បី​​ឈ្នះ​មិន​មែន​ផ្ដោត​លើ​​លុយ​នោះ​ទេ។ ខ្ញុំ​មក​ទីនេះ​ដើម្បី​​​​យក​លេខ​១។»​ Sana ​សង្កត់​ធ្ងន់​​យ៉ាង​ដូច្នេះ។ ​កីឡាករ​មក​ពី​បារាំង​ជា​ជើង​​​​ឯក​ Muay Thai ​& kickboxing World Champion​ ៣​​សម័យ​កាល​មុន​​​ឆ្ពោះ​មក​វគ្គ​ផ្ដាច់​ព្រ័ត្រ World Grand Prix។ មុន​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Sana ​​យក​​​ឈ្នះ​​ ​វីរបុរស​ថៃ​ Yodsanklai និង​ ជើង​ខ្លាំង​រុស្សី​ Dzhabar Askerov ​ដើម្បី​​បង្កើន​កំណត់​ត្រា​​ ឈ្នះ​ ១៣៥ លើក ចាញ់​ ៩ លើក​ និង ស្មើ​ ១ លើក​ក្នុង​អាជីព។ ​​​គោល​ដៅ​ឈ្នះ Petrosyan ​​នៅ​​​សង្វៀន​ប្រកួត​ Ryogoku Kokugikan ​នា​ក្រុង​តូក្យូ​ប្រទេស​ជប៉ុន​ ​​នឹង​ក្លាយ​ជា​​សមិទ្ធផល​​ធំ​បំផុត​​ក្នុង​អាជីព​ជា​ប្រវត្តិសាស្ត្រ។​

កីឡាករ​រហស្សនាម​ «AK47» បាន​គូស​បញ្ជាក់​ទៀត​ថា​ ៖«​ខ្ញុំ​​ហ្វឹកហាត់​ខ្លាំង​ណាស់​សម្រាប់​​​ការ​ប្រកួត​នីមួយៗ មិន​ថា​ប្រកួត​ធម្មតា​ ឬ​ ​ប្រកួត​ខ្សែ​ក្រវាត់​លំដាប់​ពិភព​លោក​នោះ​ទេ។ ខ្ញុំ​នៅ​តែ​មាន​ការ​តាំង​ចិត្ត​ខ្ពស់​​ដូច​គ្នា»។ ​ កីឡាករ​តំណាង​ពី​ Phenix Muay Thai និង​ Venum Training Camp ​មាន​កិត្តិយស​ដែល​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​កម្មវិធី​ធំ​​មិន​ធ្លាប់​មាន​របស់​ស្ថាប័ន​ ONE Championship។

ឥឡូវ​នេះ​គេ​អាច​បង្ហាញ​​ឲ្យ​​អ្នក​គាំទ្រ​រាប់​លាន​នាក់​បាន​​ឃើញ​ជុំ​វិញ​ពិភព​លោក ​ហើយ​ ​ពួក​​គេ​នឹង​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​រួម​ទាំង​ការ​តាំង​ចិត្ត​អង់អាច​ក្លា​ហាន។ កីឡាករ​សញ្ជាតិ​បារាំង​រំលឹក​ថា ៖« ONE ធ្វើ​ឲ្យ​ខ្ញុំ​​​រីកចម្រើន​ក្នុង​ក្រសែ​ភ្នែក​ទូទាំង​ពិភព​លោក។ ​ខ្ញុំ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ច្បាស់​ក្នុង​ក្បាច់​គុន​ [​មួយ​ថៃ​ និងkickboxing] នៅ​ប្រទេស​ថៃ, អឺរ៉ុប, ​និង​ ​អន្តរជាតិ​ ប៉ុន្តែ វា​ជា​ការ​ពិត​ ONE Championship បាន​ជំរុញ​​​ឲ្យ​ខ្ញុំ​​កាន់​តែ​ខ្លាំង​​​លំដាប់​ពិភព​លោក។​វា​ជា​កន្លែង​​ប្រកួត​ដ៏​ល្អ​​ ​និង​ អស្ចារ្យ​សម្រាប់​ខ្ញុំ​ សម្រាប់​អ្នក​គាំទ្រ និង​ ​​អស្ចារ្យ​សម្រាប់​អ្នក​រាល់​គ្នា។ ​យើង​រីករាយ​ចំពោះ​ស្ថាប័ន​ដែល​ផ្ដល់​ការ​ប្រកួត​ដល់​យើង​កាន់​តែ​ប្រសើរ​ឡើង និង ​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​ដល់​យើង។ ហើយ​យើង​បន្ត​ការ​ប្រកួត​កាន់​តែ​អស្ចារ្យ​ថែម​ទៀត»។

Sana អាច​​នឹង​ក្លាយ​​ជា​កីឡាករ​ទី១​ ​បើ​​ឈ្នះ​ «The Doctor» ​ក្នុង​​រយៈ​ពេល​ ៦ ​ឆ្នាំ​ចុង​ក្រោយ​​​នៃ​​ការ​ប្រកួត​ ONE Super Series World Grand Prix Champion​ ​លើក​ដំបូង និង​​ ជា​កីឡាករ​ដំបូង​​អាច​ឈ្នះ​​ប្រាក់​រង្វាន់​លើស​លប់​ដល់​ ១ ​លាន​ដុល្លារ។

«AK47» ​កំពុង​តែ​រំលឹក​ដល់​ពិភព​លោក​ក្នុង​គោល​​បំណង​ចារ​ឈ្មោះ​គេ​​ជា​ប្រវត្តិសាស្ត្រ​​នៅ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ។ ​«AK47»​ បញ្ជាក់​ថា​៖« ​ការ​លើក​ទឹក​ចិត្ត​ជា​បឋម​គឺ​ ធ្វើ​​ឲ្យ​ល្អ​បំផុត​ ,ឈ្នះ​ឲ្យ​ល្អ​មើល​បំផុត និង ​ប្រាប់​ពិភព​លោក​​ថា​ខ្ញុំ​​​​ជា​អ្នក​លេខ​១​ ប៉ុន្តែ​ មនុស្ស​ជា​ច្រើន​​​ចង់​ជជែក​ជា​មួយ​ខ្ញុំ​អំពី​តែ​​រឿង​ទឹក​ប្រាក់​ ​១​ លាន​​ដុល្លារ​​ប៉ុណ្ណោះ»។

ជើង​ខ្លាំង​មួយ​ថៃ​ ​ដដែល​នេះ​​​បន្ថែម​ថា​ ៖«​ខ្ញុំ​ឮ​អំពី​រឿង​លុយ​រៀងរាល់​ថ្ងៃ។ ​ខ្ញុំ​​ពិត​ជា​មិន​ចង់​ឮ​ទេ។ មនុស្ស​ជា​ច្រើន​មិន​​​និយាយ​អំពី​រឿង​រ៉ាវ​ផ្សេង​ទេ។ មនុស្ស​ភាគ​ច្រើន​បំភ្លេច​អំពី​ការ​ប្រកួត​ប្រដាល់​ដោយ​គិត​អំពី​លុយ, បំភ្លេច​គូ​ប្រកួត​របស់​ខ្ញុំ, ​បំភ្លេច​រឿង​ជ័យជម្នះ, ​និង ​បំភ្លេច​រឿង​ជា​ច្រើន»។

Sana រៀបរាប់​ថា ៖«​លុយ​ធ្វើឲ្យ​​មនុស្ស​​គិត​ច្រើន​បន្តិច​ ប៉ុន្តែ​ ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ផ្ដោត​លើ​ជ័យជម្នះ ទោះ​ ជា​​ទឹក​​ប្រាក់​ ១ លាន​ដុល្លារ ឬ ​អត់​​ក៏​ដោយ​នោះ។ ​ខ្ញុំ​នៅ​តែ​​មាន​​ការ​តាំង​ចិត្ត​ដូច​ខាង​​ដើម។ ខ្ញុំ​មិន​​​​​គិត​​ច្រើន​អំពី​លុយ។ លុយ​រង្វាន់​មិន​មែន​ជា​អាទិភាព​របស់​ខ្ញុំ។ ​រឿង​អស្ចារ្យ​គឺ​ ​កិត្តិយស​ និង ​ការ​លើក​ទឹក​ចិត្ត​ដើម្បី​ជ័យជម្នះ»។



ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix​ Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។

កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURY។ ONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMAត្ថបទ៖ ស៊ីធី

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628