ប្រដាល់

ទីតាំងក្លិបថ្មី​របស់ ចាន់​ រតនាទទួល​បាន​កូនសិស្ស​មក​ហ្វឹកហាត់៧០%​វិញ​ហើយ

កូន​សិស្ស​ចាស់​ថ្មី​​បាន​ត្រលប់​មក​ហ្វឹកហាត់​​នៅ​ក្លិប​ «សិល្បៈ»​ ​បាន​ប្រមាណ​​ជា​​ ៧០%​ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​កូន​សិស្ស​កាល​នៅ​ក្លិប​ចាស់។​ ​នេះ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​​របស់​កីឡាករ​​គុន​ចម្រុះ​លេច​ធ្លោ​ ចាន់ រតនា ​និង​ ​ជា​ម្ចាស់​ក្លិប​ «សិល្បៈ​»​ ​ចាន់ រតនា។ ​​

ក្លិប​ «សិល្បៈ» ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទីតាំង​​ពី ​ក្បែរ​ សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ​​កាល​ចុង​ខែ​សីហា​ ​​ទៅ​កាន់​​ទីតាំង​ថ្មី​ផ្ទះ​លេខ​​១០៩​ ​ផ្លូវ​​ ១៣ BT ​​សង្កាត់​បឹង​ទំពន់​១ ​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ (ទល់​​មុខ​នឹង​ Phnom Penh Sports Club ​ផ្លូវ​​២៧១)។​ ​

​ចាន់​ រតនា ​​ដែល​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​ឈ្នះ​៣​លើក​ជាប់​គ្នា​​នៅ​​សង្វៀន​កម្រិត​ពិភព​លោក​ ONE CHAMPIONSHIP ​បាន​រៀប​រាប់​ទៀត​ថា​ ​​៖«​​ពេល​ខ្ញុំ​ប្ដូរ​មក​ក្លិប​​ថ្មី​ជាង​​១​​ខែ​ មក​នេះ​​មាន​កូន​សិស្ស​ថ្មីៗ​ច្រើន​ដែរ​ក្នុង​ចំណោម​ ​កូន​សិស្ស​ប្រមាណ​ជា​៧០%។​ ​ពួក​គេ​ភាគច្រើន​ហ្វឹកហាត់​​​ជា​មួយ​ខ្ញុំ​​ដើម្បី​សុខភាព។ ​​ហើយ​​មាន​នារី​បរទេស​ខ្លះ​​ហ្វឹកហាត់​ជា​មួយ​ខ្ញុំ​ចង់​​ឡើង​ប្រកួត»។​​

​កន្លង​ទៅ​ ​ចាន់ រតនា​ បាន​រៀប​រាប់​ថា​​​ទីតាំង​​ក្លិប​​ថ្មី​របស់​ខ្លួន​​នៅ​​​ក្បែរ​​​​ក្លិប​​ហាត់​កីឡា​នៅ​​​​​ម្ដុំ​ផ្លូវ​២៧១​ ហើយ​សង្ឃឹម​ថា​​នឹង​មាន​កូន​សិស្ស​ថ្មីៗ​បន្ថែម​ទៅ​ហ្វឹកហាត់​​ព្រោះ​វា​មិន​ឆ្ងាយ​​​ប៉ុន្មាន​ពី​ក្លិប​​ចាស់​ឡើយ។ ​ទីតាំង​ថ្មី​នេះ​​មាន​កន្លែង​​ធំ​ទូលាយ​ល្មម និង​អាច​ទទួល​បាន​កូន​សិស្ស​​​បន្ថែម​​ទៀត​តាម​វេន​ព្រឹក​ ​ថ្ងៃ​ និង ល្ងាច។ ​​ទីតាំង​ថ្មី​ខាង​លើ​​នេះ​មាន​ទំហំ​​ទទឹង​​ប្រហែល​​១៦ ម៉ែត្រ​ និង​បណ្ដោយ​ ​ប្រហែល​ ៣០ ​ម៉ែត្រ​​បូក​នឹង​ផ្ទះ​សម្រាប់​រស់​នៅ​ប្រចាំ​ថ្ងៃ​ផង។ ​តម្លៃ​ជួល​​​ត្រូវ​ចំណាយ​​ក្នុង​១​ខែ​ជាង​​៦០០ ​ដុល្លារ​អាមេរិក​​ដែល​ទាប​ជាង​កន្លែង​ចាស់​​ប្រមាណ​ ២០០ ដុល្លារ។

​ក្លិប​ «សិល្បៈ» ​​មិន​ត្រឹម​ទទួល​បង្ហាត់​កីឡាករ​អាជីព​​​ដែល​​​មាន​បំណង​ឡើង​ប្រកួត​នៅ​​លើ​សង្វៀន​ទេ​ ​ប៉ុន្តែ​ ​​​មាន​ការ​ចុះ​ឈ្មោះ​ហ្វឹកហាត់​ដើម្បី​​សុខភាព​​​ទៀត​ផង។ ​ពី​មុន​​បរទេស​​មក​ហ្វឹកហាត់​​​សឹង​ច្រើន​ជាង​កូន​សិស្ស​ខ្មែរ​​​ ប៉ុន្តែ​ឥឡូវ​​មាន​កូន​សិស្ស​ខ្មែរ​ និង​ ​បរទេស​ស្មើ​គ្នា​ក្នុង​ចំណោម​កូន​សិស្ស​​​ប្រហែល​​ ​៥០​ នាក់។


​ចាន់ រតនា ​​អំពាវនាវ​ថា៖«បើ​បង​ប្អូន​​ចង់​ហ្វឹកហាត់​ដើម្បី​សុខភាព​ ​សូម​ទាក់ទង​​មក​ ផេក​ហ្វេសប៊ុក​​ Selapak ​បាន។ ​ក្នុង​នោះ​អាច​មាន​​ការ​បញ្ចុះ​តម្លៃ​ពិសេស​​ជូន​បង​ប្អូន​​តាម​ជាក់​ស្ដែង​​ និង​ផ្ដល់​ការ​ហ្វឹកហាត់​​ត្រឹម​ត្រូវ»។

ទីតាំង​ក្លិប​ចាស់ ​ដែល​ស្ថិត​នៅ​​ក្បែរ​ ​សារ​មន្ទីរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​បាន​​ផុត​កិច្ច​សន្យា​​ត្រឹម​​​ចុង​ខែ​ សីហា​​ ​ក្រោយ​ពី​ហ្វឹកហាត់​ និង​ ​រស់​នៅ​ជុំ​គ្រួសារ​​អស់​​រយៈ​ពេល​ ​៣ ​ឆ្នាំ។​​ ការ​ផ្លាស់​ប្ដូរ​ទីតាំង​ខាង​លើ​ដោយ​មូលហេតុ​ផុត​កិច្ច​សន្យា​ផង​ និង​ ​ដោយ​សារ​​​ម្ចាស់​​​​​យក​ទីតាំង​​​​លក់​​ឲ្យ​អ្នក​ថ្មី​ផង។

ចាន់ រតនា ដែល​មាន​វ័យ​ ៣៣ ​ឆ្នាំ​ជា​កីឡាករ​គុន​ចម្រុះ​ដ៏​ជោគជ័យ​​លើ​ឆាក​អន្តរជាតិ​របស់​កម្ពុជា​ ONE Championship ជា​ពិសេស​​​ ​ជ័យជម្នះ​​ ៣​ ប្រកួត​ចុង​ក្រោយ​​នៅ​សង្វៀន​អន្តរជាតិ​ ONE CHAMIONSHIP។ សរុប​​កំណត់​ត្រា​លើ​សង្វៀន​គុន​ចម្រុះ​​ ​​ចាន់ រតនា​ ឈ្នះ​ ៧ ​ដង​ និង​ ចាញ់​ ៣​ ដង​​​ពេល​ប្រឡូក​​​ក្នុង​ពិភព​គុន​ចម្រុះ​តាំង​ឆ្នាំ​ ២០១៥​មក។ ​​៣​លើក​ចុង​ក្រោយ ​ម្ចាស់​ក្លិប ​«សិល្បៈ» ​​វាយ​កីឡាករ​ឥណ្ឌូណេស៊ី​ ពីរ​រូប​ ABRO Fernandez និង​​ Rudy Agustian ​មុន​ពេល​ឈ្នះ​ពិន្ទុ​​ Gustavo Balart ​នា​ពាក់​កណ្ដាល​ខែ​ សីហា។

ONE: CENTURY ​ជា​ការ​ប្រកួត​​​គុន​ចម្រុះ​លំដាប់​ពិភព​លោក​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​​​។​ ​ក្នុង​នោះ​មាន​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ ​ជា​ច្រើន​ដូច​ជា​​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ World Grand Prix​ Championship ​ក្នុង​​៣ប្រភេទ​ទម្ងន់​ផ្សេង​គ្នា​ ហើយ​​មាន​គូ​ប្រកួត​ជើង​ឯក​ពិភព​លោក​ ប៉ះ​ជើង​ឯក​ពិភព​លោក​​។
កុំ​ភ្លេច​តាម​ដាន​ កម្មវិធី​កក្រើក​​មិន​ធ្លាប់​មាន​គម្រប់​១០០​លើក​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​​​​​របស់​ស្ថាប័ន ONE Championship ​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា ONE: CENTURY។ ONE CENTURY  នឹង​រៀប​ចំ​ឡើង​នៅ​ថ្ងៃ​ទី​ ១៣ តុលា​ ខាង​មុខ​​នឹង​ផ្សាយ​​បន្ត​ផ្ទាល់​​ចាប់​ពី​ម៉ោង​ ៩ យប់​តទៅ (ម៉ោង​កម្ពុជា) តាម​រយៈ ​https://www.facebook.com/ONEChampionship/ , ONE Super App ​និង​ YouTube: https://www.youtube.com/user/OneFCMMAត្ថបទ៖ ស៊ីធី

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628