ប្រដាល់

ចាន់​ រតនា ​និយាយប៉ុន្មានឃ្លា​នេះអាចឲ្យ​កីឡាករប្រដាល់ខ្មែរ​មួយចំនួន​ភ្ញាក់ខ្លួន

​ចាន់ រតនា​ ជា​អ្នក​​លេង​​យុទ្ធ​គុន​ខម​ និង គុន​ខ្មែរ​ ប៉ុន្តែ​ ​អាច​ប្រកួត​ក្បាច់​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​នៅ​​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​បាន​យ៉ាង​ល្អ​មួយ​​រយៈ​ចុង​ក្រោយ​នេះ។​ ​ទោះ​ជា​បែប​ណា​ក្ដី​ កីឡាករ​វ័យ​៣៣ ឆ្នាំ​រូប​នេះ​មិន​ហ៊ាន​អះអាង​ថា​ខ្លួន​ឯង​មាន​លក្ខណៈ​អាជីព​គ្រប់គ្រាន់​ឡើយ​​នៅ​​កម្ពុជា​ ​ប៉ុន្តែ​រូប​គេ​បាន​ធ្វើ​រឿង​​ជា​ច្រើន​ដែល​កីឡាករ​​កម្ពុជា​ផ្សេង​ទៀត​​​​មិន​សូវ​បាន​ធ្វើ​ជា​ប្រចាំ។​

ចាន់ រតនា​​ បាន​បង្ហើប​ថា៖«​បើ​នៅ​ស្រុក​គេ​​ ​ខ្ញុំ​ឃើញ​គេ​​មាន​លក្ខណៈ​អាជីព​​ច្រើន​ជាង​យើង​ទាំង​​ការ​ហ្វឹកហាត់​ និង​ ឡើង​ប្រកួត​ ប៉ុន្តែ​សម្រាប់​ខ្ញុំ​ វា​មិន​ទាន់​អាជីព​ពេញ​លេញ​​​ ហើយ ​ខ្ញុំ​​ក៏​មិន​ហ៊ាន​ថា​ខ្លួន​ឯង​ដែរ។ ​តែ​ខ្ញុំ​​បាន​​ខំ​ហ្វឹកហាត់​ជា​ប្រចាំ​ ​​មាន​ការ​តម​អាហារ​ត្រឹម​ត្រឹម​ត្រូវ​ពេល​​ត្រៀម​ប្រកួត​ ​ហើយ​ ខ្ញុំ​​មាន​គ្រូ​គ្រប់​ផ្នែក​ពាក់​ព័ន្ធ​ជួយ​ខ្ញុំ ​និង​ហាត់​ទៅ​តាម​ម៉ោង​ដែល​បាន​រៀប​ចំ​ប្រចាំ​ថ្ងៃ។ ខ្ញុំ​មាន​គ្រូ​​ដើម្បី​ប្រឹក្សា​ច្រើន​ខុស​​ប្លែក​​ពី​គេ​ខ្លះ»។

​រតនា​ ជា​កីឡាករ​កម្ពុជា​ ​ដែល​​ខំ​ហ្វឹកហាត់​ខ្លាំងក្លា ​​តាំង​ពី​សាច់​ហើម​ៗ​មិន​ទាន់​ល្អ​កាល​នៅ​ប្រកួត​គុន​ខ្មែរ​នៅ​​លើ​សង្វៀន​ក្នុង​ស្រុក​។ មិន​យូរ​ប៉ុន្មាន​ រូប​គេ​​បាន​ប្រែ​​ក្លាយ​​សាច់​ដុំ​ទៅ​ជា​កង់​ៗ ​និង​ ហំ​ហាន​​នៅ​ពេល​​ឈាន​ជើង​ចូល​ប្រកួត​ក្បាច់​ចម្រុះ​លើ​សង្វៀន​ ONE Championship តាម​រយៈ​ការ​ហ្វឹកហាត់​ត្រឹម​ត្រូវ។ ​​​រតនា ​ជា​កីឡាករ​ខ្មែរ​តែ​ ម្នាក់​គត់​​បាន​សាង​​​ប្រវត្តិសាស្ត្រ​​នៅ​លើ​សង្វៀន​អន្តរជាតិ​មួយ​​នេះ​​​ដែល​ឈ្នះ ៣ ប្រកួត​ជាប់​គ្នា​មិន​​ធ្លាប់​មាន​សម្រាប់​កីឡាករ​កម្ពុជា។


កូន​ប្រុស​របស់​លោក​ ចាន់ ប៊ុនធឿន​ ​សង្កត់​ធ្ងន់​ថា​ ៖«​​ខ្ញុំ​មាន​គ្រូ​បង្វឹក​ច្បាស់​លាស់​ទៅ​តាម​ផ្នែក​របស់​ខ្ញុំ​ ​​​ដូច​ជា​ គ្រូ​បង្វឹក Lorenzo Lanzafame ​មក​ពី​ LLFitness ​បង្ហាត់​​ បច្ចេកទេស​និង​​គ្រប់គ្រង​កម្លាំង​​រួម​ទាំង​របប​អាហារ,​ ​គ្រូ​​ខូវ វិវឌ្ឍនា​ ​បង្ហាត់​​ខ្ញុំ​ខាង​​ក្បាច់​ជីជិតស៊ូ​ ​ចំបាប់​ និង​ MMA, គ្រូ​បង្វឹក​ Rolando ​ជន​ជាតិ​គុយបា​ បង្វឹក​ផ្នែក​ប្រដាល់​សកល, ​គ្រូ​​បង្វឹក​​ Sov ​​បង្វឹក​ភាព​អំណត់ ​និង​ គ្រូ​បង្វឹក​ ​ Jeppe ​​បង្ហាត់​​ផ្នែក​ចលនា​សរសៃ​​និង​ម៉ាស្សា​ ជា​ដើម។ ភាព​ច្បាស់​លាស់​ទៅ​តាម​​ជំនាញ​និមួយៗ​ទើប​ធ្វើ​ឲ្យ​ខ្ញុំ​​​ទទួល​លទ្ធផល​ល្អ​ដល់​សព្វ​ថ្ងៃ»។ ​

កីឡាករ​ដែល​ជាប់​កិច្ច​សន្យា​នៅ​សង្វៀន​ ONE ​បាន​រៀបរាប់​បន្ត​ថា​ គ្រូ​បង្វឹក​ទាំង​អស់​​មិន​មែន​យក​​កម្រៃ​ប្រចាំ​ថ្ងៃ​ ឬ ​ប្រចាំ​ខែ​ពី​​ខ្លួន​នោះ​ទេ​ តែ​​ វា​​ជា​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ រតនា ​ផ្ទាល់​ និង​ គ្រូ​បង្វឹក​ទាំង​អស់​​បាន​ជជែក​គ្នា​​​ដោយ​យល់​​ព្រម​​​កាត់​ភាគរយ​ខ្លះ​​ពី​ប្រាក់​ឈ្នួល​ឡើង​ប្រកួត​​ម្ដង​​ជូន​គ្រូ​បង្វឹក​ទាំង​​​អស់​សម្រាប់​ប្រើ​ប្រាស់ ឬ ការ​ធ្វើ​ដំណើរ​ទៅ​មើល​ការ​ប្រកួត​ជា​ដើម។

គ្រូ​​បង្វឹក​ Lorenzo Lanzafame​ ​ក៏​បាន​បង្ហើប​ឲ្យ​ដឹង​កន្លង​មក​ថា​ ​​ចាន់ រតនា​​​បាន​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ និង​ ​ផ្ដោត​លើ​ការ​ប្រកួត​យ៉ាង​ល្អ​ ​ថែម​ទាំង​មាន​ភាព​​​ភាព​អំណត់​តស៊ូ​ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធផល​​​ដែល​ខ្លួន​ចង់​បាន។ ​​លោក​បញ្ជាក់​ថា​ រតនា​ ​បាន​ឈាន​ដល់​កម្រិត​ល្អ​​បំផុត​មួយ​នៃ​​ការ​ប្រកួត​គុន​ចម្រុះ​តំណាង​​​ឲ្យ​​កម្ពុជា ​​ហើយ​រូប​គេ​​​ត្រូវ​បន្ត​អភិវឌ្ឍ​​ខ្លួន​បន្ថែម​ទៀត​ដើម្បី​​ប្រកួត​​ដណ្ដើម​ខ្សែ​ក្រវាត់។

​បច្ចុប្បន្ន​នេះ​ ចាន់ រតនា ​មិន​ត្រឹម​​តែ​ហ្វឹកហាត់​ខ្លួន​ឯង​ដើម្បី​ត្រៀម​​ប្រកួត​ទេ​ប៉ុន្តែ​ថែម​ទាំង​បង្ហាត់​សិស្ស​ដើម្បី​សុខភាព​ ​និង ​សិស្ស​ដែល​​ចង់​ឡើង​ប្រកួត​អាជីព​ទៀត​ផង។ ​ងាក​មក​​បទ​ពិសោធន៍​ក្នុង​គុន​ចម្រុះ​វិញ​ ​​ស្ថិត​ក្នុង​វ័យ​៣៣​ឆ្នាំ​ ចាន់ រតនា ​ឡើង​ប្រកួត​លើ​សង្វៀន​គុន​ចម្រុះ​បាន​ចំនួន ១០ ​លើក​​ក្នុង​នោះ​ឈ្នះ​ ៧ លើក និង ចាញ់​ ៣ ​លើ។

កំណត់​ត្រា​ល្អ​បំផុត​ ​គឺ​ឈ្នះ​ ៣​លើក​ចុង​ក្រោយ​នៅ​សង្វៀន​​ពិភព​លោក​ ONE ​ដូច​ជា​វ៉ៃ កីឡាករ​ឥណ្ឌូណេស៊ី​២​នាក់​ ​Abrou Fernandes ​​​ ​និង​ Rudy Agustian ​ឲ្យ​ចុះ​ចាញ់​ ​​និង​បន្ត​ឈ្នះ​ពិន្ទុ ​ជើង​ខ្លាំង​ធ្លាប់​ប្រកួត​​នៅ​​​អូឡាំពិក​របស់​ក្រិក​ Gustavo Balart​ កាល​ពាក់​កណ្ដាល​ខែ​ សីហា ​​ឆ្នាំ ២០១៩​ កន្លង​ទៅ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628