បាល់ទាត់

UEFA ដាក់លក់១លានសំបុត្រមុន សម្រាប់ចូលទស្សនាព្រឹត្តិការណ៍ Euro 2020 ចាប់ពីខែក្រោយទៅ

ព្រឹត្តិការណ៍បាល់ទាត់ជើងឯកទ្វីបអឺរ៉ុប (UEFA Euro) ឆ្នាំ២០២០ នឹងចាប់ផ្តើមដំណើរការនាពាក់កណ្តាលឆ្នាំក្រោយឯណោះ ប៉ុន្តែយ៉ាងណាខាងសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នឹងសម្រេចដាក់លក់សំបុត្រ១លានសន្លឹកមុនតាមរយៈការទិញ Online ចាប់ពីខែធ្នូ នេះតទៅ។

គួរឲ្យដឹងផងថា ព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២០ ខាងមុខនេះ គឺប្លែកជាបណ្តាលឆ្នាំកន្លងមក ពោលគឺនឹងរៀបចំឡើងនៅ១២កីឡដ្ឋាន ក្នុង១២ប្រទេសផ្សេងគ្នានៅតំបន់អឺរ៉ុបទាំងមូល។ បើតាមគម្រោងសរុប កីឡដ្ឋានទាំង១២ នេះនឹងអាចផ្តល់ជាសំបុត្រចូលរួមទស្សនាសរុបដល់អ្នកគាំទ្រ អាចនឹងត្រូវផលិតសំបុត្រ៣លានសន្លឹក។ តែក្នុងសេចក្តីសម្រេចចុងក្រោយរបស់ UEFA បានផ្តល់អទិភាពឲ្យអ្នកគាំទ្រតំណាងប្រទេសទាំង២០ ដែលមានជម្រើសជាតិជាប់កៅអីទៅព្រឹត្តិការណ៍លំដាប់ទ្វីបមួយនេះឆ្នាំក្រោយ អាចជាវសំបុត្រចូលរួមទស្សនាទុកជាមុន ដោយបង្កើតការលក់សំបុត្រតាម Online ចំនួន១លានសន្លឹកសិន។ ចំណែកសន្លឹកប្រមាណ២លានទៀត ដែលនៅសល់នឹងត្រូវលក់ជាបន្តបន្ទាប់នាកំឡុងព្រឹត្តិការណ៍ជិតដំណើរការនាពេលក្រោយទៀត។

បញ្ជាក់ថា ព្រឹត្តិការណ៍ UEFA Euro ឆ្នាំ២០២០ នឹងរៀបចំឡើងចាប់ពីថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះ ដោយមានប្រទេសចូលរួម២៤ក្រុមជម្រើសជាតិ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628