បាល់ទាត់

គ្រូអឺរ៉ង់ ដែលយកឈ្នះកម្ពុជាយើង១៤ទល់០ ពេលនេះចុះចេញពីតំណែង ហើយរៀបចំប្តឹងសហព័ន្ធថែមទៀត

លោក Marc Wilmots បានចុះចេញពីតំណែងគ្រូបង្គោលជម្រើសជាតិអឺរ៉ង់ ក្រោយពីចូលដឹកនាំបានត្រឹមរយៈពេល៦ខែ និងបានឈរបញ្ជាលើទីលានសរុបផ្លូវការតែ៦លើកប៉ុណ្ណោះ។

បុរសសញ្ជាតិប៊ែលហ្ស៊ិក និងមានវ័យ៥០ឆ្នាំខាងលើបានបង្ករការភ្ញាក់ផ្អើលដោយបានដើរចេញពីតំណែងគ្រូបង្គោលជម្រើសជាតិក្រុមតំបន់មជ្ឈឹមបូព៌ា ក្រោយដឹកនាំបានសរុបតែ៦លើក ដោយឈ្នះ៣លើក ស្មើរ១លើក និងចាញ់២លើក ក្នុងនោះក៏មានការប្រកួតឈ្នះជម្រើសជាតិកម្ពុជាយើង ក្នុងលទ្ធផលកំណត់ត្រាប្រវត្តិសាស្ត្រដល់ទៅ១៤ទល់០ នាពេលកន្លងមកផងដែរ។

ក្នុងការប្រកួតផ្លូវការនៃដំណើរឆ្ពោះទៅកាន់ FIFA World Cup ២០២២ និង AFC Asian Cup ២០២៣ ពូល C អឺរ៉ង់ ក្រោមការដឹកនាំរបស់លោក Marc Wilmots បានជ័យជម្នះ២ប្រកួតដំបូងលើហុងកុង និងកម្ពុជា តែ២ប្រកួតចុងក្រោយបរាជ័យក្រោមថ្វីជើង បារ៉ែន និងអឺរ៉ាក់ ទៅវិញ។

អំពីការចាកចេញបានធ្វើឲ្យរូបលោក Marc Wilmots ថ្លែងប្រាប់អ្នកសារព័ត៌មាន ដោយកំពុងរៀបចំពាក្យបណ្តឹងទៅខាងសហព័ន្ធបាល់ទាត់អឺរ៉ង់ ដោយទាមទារឲ្យសងប្រាក់ពលកម្ម ដោយសម្អាងហេតុផលនៃការចងកិច្ចសន្យាដល់រូបលោក ព្រមទាំងក្រុមការងាររបស់លោកផងដែរ។ បច្ចុប្បន្នរូបលោកបានឲ្យមេធាវីរបស់លោក រៀបចំឯកសារដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់។

ទន្ទឹមនឹងព័ត៌មាននេះ ខាងសហព័ន្ធបាល់ទាត់អឺរ៉ង់ ក៏បានឆ្លើយតបវិញដោយអះអាងហេតុផលមិនព្រមបង់ប្រាក់ពលកម្មនោះទេ ពោលដោយជឿជាក់ទៅលើកិច្ចសន្យាដូចគ្នា និងប្រកាសហ៊ានតតាំងផ្នែកផ្លូវច្បាប់ជាមួយពាក្យបណ្តឹងរួមផង៕

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628