កីឡាផ្សេងទៀត

ស៊ីហ្គេមៈ អត្តពលិកម្នាក់រកបានមេដាយមាស២ ទើបទទួលដំណឹងថាឪពុកខ្លួនបាត់បង់ជីវិត

គួរឲ្យអាណិត និងចូលរួមរំលែកទុក្ខដល់អត្តពលិកកីឡាវូស៊ូ ពោលគឺកីឡាករ Edgar Xavier Marvelo ដែលជាជនជាតិឥណ្ឌូនេស៊ី ដែលទើបដណ្តើមមេដាយជូនជាតិខ្លួនបានដល់ទៅ២ គឺសុទ្ធសឹងជាមេដាយមាស ប៉ុន្តែទន្ទឹមនឹងគ្នានោះក៏ទទួលបានដំណឹងថា ឪពុកជាស្រលាញ់របស់រូបគេបាត់បង់ជីវិតផងដែរ។

កីឡាករ Edgar Xavier Marvelo ដែលជាអត្តពលិករបស់ជម្រើសជាតិឥណ្ឌូនេស៊ី បានដណ្តើមមេដាយមាសដល់ទៅ២ ដោយក្នុងប្រភេទកីឡាវូស៊ូ លើវិញ្ញាសា Daoshu / Gunshu និងវិញ្ញាសារ Duilian (វិញ្ញាសារជាក្រុម) ។ បើតាមព័ត៌មានចុះផ្សាយ បានឲ្យដឹងថា ក្រោយពីរៀបចំកម្មវិធីបំពាក់មេដាយរួចរាល់ ទើបក្រុមការងារ និងថ្នាក់ដឹកនាំបានប្រាប់ដំណឹងដ៏សែនសោកសៅនេះទៅរូបគេ ខណៈក្រុមទាំងមូលបានត្រឹមបង្ហូរទឹកភ្នែកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ។

យ៉ាងណាក្តី! ក្រោយបញ្ចប់ការបំពាក់មេដាយភ្លាម កីឡាករខាងលើក៏បានធ្វើដំណើរចាកចេញពីប្រទេសហ្វីលីពីន ត្រឡប់ទៅប្រទេសកំណើតវិញផងដែរ ដើម្បីពាំនាំមេដាយមាសជូនដំណើរឪពុករបស់ខ្លួនដែលទទួលអនិច្ចកម្ម ទាំងពុំទាន់ឃើញសមិទ្ធផលរបស់កូន។

គួរឲ្យដឹងថា ប្រភេទកីឡាវូស៊ូ នៅក្នុងព្រឹត្តិការណ៍ SEA Games លើកទី៣០ ឆ្នាំនេះបានរៀបចំឡើងពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែធ្នូ តែប៉ុណ្ណោះ ខណៈម្ចាស់ផ្ទះហ្វីលីពីន បានមេដាយសរុប១១ តែទទួលបានមេដាយមាសច្រើនជាងគេដល់ទៅ៧គ្រឿង ខណៈឥណ្ឌូនេស៊ី ឈរលេខរៀងទី៣ ដែលមានមេដាយសរុប៩ ក្នុងនោះមេដាយមាសមានតែ២ប៉ុណ្ណោះ ដោយកើតចេញពីស្នាដៃរបស់កីឡាករ Edgar Xavier Marvelo ផ្ទាល់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628