កីឡាជាតិ

សល់៣ថ្ងៃទៀតទើបបញ្ចប់ តែម្ចាស់ផ្ទះស៊ីហ្គេម ធានាតំណែងលេខ១ លើចំនួនមេដាយសរុបជាស្រេច

ព្រឹត្តិការណ៍កីឡាចម្រុះតំបន់អាស៊ីអាគ្នេយ៍លើកទី៣០ ឆ្នាំ២០១៩ ដែលកំពុងរៀបចំឡើងនៅប្រទេសហ្វីលីពីន បានដំណើរការគ្រប់វិញ្ញាសារអស់រយៈពេល ២ សប្តាហ៍ មកហើយ ខណៈសល់តែ៣ថ្ងៃទៀតគឹដល់ពេលបិទបញ្ចប់ជាស្ថាពរ តែយ៉ាងណាក្តីបើគិតចំនួនមេដាយសរុប និងវិញ្ញាសារដែលនៅសល់ បានធានាឲ្យច្បាស់ថាហ្វីលីពីន ជាម្ចាស់ផ្ទះនៅតែឈរកំពូលតារាងនៃអត្តពលិករកបានមេដាយសរុបច្រើនជាងគេ។

គិតត្រឹមវេលាម៉ៅង៤ៈ០០រសៀល (ម៉ោងនៅកម្ពុជា) ម្ចាស់ផ្ទះហ្វីលីពីន រកបានមេដាយស្ទើរគ្រប់វិញ្ញាសារសរុប៣០៤មេដាយទៅហើយ ក្នុងនោះសូម្បីតែមេដាយមាសក៏លើសគេដាច់ផងដែរ ដោយមានដល់ទៅ១១៨មេដាយ។ តាមពីក្រោយដោយថៃ មានមេដាយសរុប២៣៧ ក្នុងនោះមេដាយមាសតែ៦៩ ដូចគ្នានឹងវៀតណាមដែរចំពោះមេដាយមាស តែឈរលេខរៀងទី៣ ដោយសារមានមេដាយសរុបតែ២២០មេដាយ។

ចំណែកកម្ពុជា គិតមកត្រឹមរយៈពេលខាងលើដូចគ្នា បានរកចំនួន៣៤មេដាយ ក្នុងនោះរួមមានមាស៤ ប្រាក់៦ និងសំរឹទ្ធ២៤ រួមផង។

យ៉ាងណាក្តី! តាមការគណនាទៅលើវិញ្ញាសារដែលនៅសល់ប៉ុន្មានក្នុងរយៈពេល៣ថ្ងៃទៀតនេះ មុនថ្ងៃបិទបញ្ចប់ជាផ្លូវការមកដល់ ទោះក្រុមអត្តពលិកវៀតណាម ថៃ និងឥណ្ឌូនេស៊ី ព្យាយាមដណ្តើមបានទៀតក៏ដោយ តែចំពោះតំណែងកំពូលតារាងនៃក្រុមអត្តពលិករកបានមេដាយសរុបលើសគេសម្រាប់ព្រឹត្តិការណ៍ SEA Games លើកទី៣០ នេះនឹងត្រូវធ្លាក់ទៅលើដៃម្ចាស់ផ្ទះហ្វីលីពីន ជាស្ថាពរហើយ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628