បាល់ទាត់

ក្រោយក្លាយជាជើងឯកនៅស៊ីហ្គេម គ្រូជម្រើសជាតិនារីវៀតណាម ដាក់គោលដៅយកកៅអីអូឡាំពិក ២០២០

ជម្រើសបាល់ទាត់នារីវៀតណាម បានគ្រងជើងឯក (តំណែងមេដាយមាស) នៃព្រឹត្តិការណ៍ SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន ដែលទើបបិទបញ្ចប់គ្រប់វិញ្ញាសារកាលពីម្សិលមិញនេះ។

គួរឲ្យដឹងថា ជម្រើសជាតិនារីវៀតណាម ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិវៀតណាមផ្ទាល់ លោក Mai Duc Chung បានយកឈ្នះលើក្រុមជម្រើសជាតិនារីថៃ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល១ទល់០ កាលពីថ្ងៃទី០៨ កន្លងទៅប៉ុន្មានថ្ងៃមកនេះ និងបានទទួលបានមេដាយមាសនៃព្រឹត្តិការណ៍ SEA Games ជាលើកទី៦ ក្នុងប្រវត្តិសាស្ត្រពួកគេ។

ក្រោយពីជោគជ័យក្នុងពានរង្វាន់ថ្នាក់តំបន់គ្រូបង្វឹកដដែលបានដាក់គោលដៅដោយត្រៀមខ្លួនឲ្យបានល្អ ដណ្តើមយកកៅអីទៅលេងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ខាងមុខនៅប្រទេសជប៉ុនទៀតផង។ ក្នុងកិច្ចសម្ភាសន៍លោក Mai Duc Chung បានឲ្យដឹងថាៈ

៉ ក្រោយពីពួកយើងត្រឡប់ទៅវិញ ពួកយើងនឹងត្រៀមខ្លួនបន្តទៀត។ ខ្ញុំអាចនឹងជ្រើសរើសកីឡាការិនីបន្ថែមពីឈុត U19 ៤ ទៅ៥នាក់ទៀត ដើម្បីត្រៀមខ្លួនយកកៅអីទៅលេងនៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ក៏ដូចជាការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ SEA Games ឆ្នាំ២០២១ ផងដែរ។   ៉

បញ្ជាក់ផងថា ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ ដែលនឹងរៀបចំឡើងនៅប្រទេសជប៉ុន ជម្រើសជាតិនារីវៀតណាម កំពុងស្ថិតនៅជុំទី៣ ក្រោយពីប្រកួតជម្រុះក្នុងពូលនៅជុំទី២ ធ្វើបានយ៉ាងល្អដោយ៣ប្រកួតឈ្នះទាំង៣លើក ខណៈក្នុងជុំទី៣ នេះវៀតណាម ស្ថិតនៅក្នុងពូលជាមួយ កូរ៉េខាងត្បូង កូរ៉េខាងជើង និងមីយ៉ាន់ម៉ា ហើយការប្រកួតនឹងរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូងទាំងអស់ ខណៈចាប់ដំណើរការប្រកួតជម្រុះនាកំឡុងខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628