បាល់ទាត់

បាល់ទាត់ៈ ៤០ឆ្នាំហើយក្រុមអាស៊ានមិនដែលឆ្លងទៅលេងអូឡាំពិកឡើយ ចុះឆ្នាំនេះ?

ព្រឹត្តិការណ៍កីឡាចម្រុះកម្រិតពិភពលោកអូឡាំពិក នឹងចូលមកដល់ឆ្នាំ២០២០ នេះហើយរៀបចំនៅប្រទេសជប៉ុន ខណៈសម្រាប់វិញ្ញាសារបាល់ទាត់វិញ ក៏មាន៤កៅអីផងដែរ ស្របពេលឆ្នាំនេះ ក្រុមមកពីអាស៊ានដែលនៅមានឳកាសនោះគឺ វៀតណាម និងថៃ។

គួរឲ្យដឹងថា ក្នុងព្រឹត្តិការណ៍អូឡាំពិក សម្រាប់វិញ្ញាសារបាល់ទាត់គឺជ្រើសរើសយកកម្រិត U23 ខណៈកៅអីពីតំបន់អាស៊ី ទទួលបាន៤កៅអីដូចបានរៀបរាប់ខាងលើ គឺឆ្នាំនេះនៅសល់៣កៅអីព្រោះមានជប៉ុនជាម្ចាស់ផ្ទះរួចមួយទៅហើយ។ ៣កៅអីដែលនៅសល់ នឹងត្រូវសម្រេចក្នុងព្រឹត្តិការណ៍ AFC U23 Championship ដែលនឹងរៀបចំឡើងនៅប្រទេសថៃ នាប៉ុន្មានថ្ងៃខាងមុខនេះ។

ព្រឹត្តិការណ៍ AFC U23 Championship ឆ្នាំ២០២០ នឹងរៀបចំឡើងនៅប្រទេសថៃ ដោយមានក្រុមសរុប១៦ជម្រើសជាតិចូលរួម ចែងជា៤ពូល។ សម្រាប់៣ក្រុមចុងក្រោយដែលទទួលបានចំណាត់ថ្នាក់ពីលេខរៀងទី១ ដល់លេខរៀងទី៣ នៃព្រឹត្តិការណ៍នេះ ទើបអាចទទួលបាន៣កៅអីបង្គ្រប់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ នៅប្រទេសជប៉ុន តំណាងឲ្យទ្វីបអាស៊ី។

ដូច្នេះតា​មទឡ្ហីករណ៍នេះ ក្រុមជម្រើសជាតិដែលតំណាងពីតំបន់អាស៊ីអាគ្នេយ៍ដែលអាចនៅមានឳកាសប្រជែងកៅអីទៅលេងនៅអូឡាំពិក គឺមានតែម្ចាស់ផ្ទះថៃ និងវៀតណាម តែប៉ុណ្ណោះ។ រំលឹកឡើងមកវិញ ម៉ាឡេស៊ី គឺជាក្រុមចុងក្រោយបង្អស់តំណាងមកពីអាស៊ីអាគ្នេយ៍ធ្លាប់លេងនៅព្រឹត្តិការណ៍អូឡាំពិកតាំងពីឆ្នាំ១៩៨០ នៅសហភាពសូវៀត (ប្រទេសរុស្សីបច្ចុប្បន្ន)។

ម្ចាស់ផ្ទះថៃ ស្ថិតនៅក្នុងពូល A រួមជាមួយ អឺរ៉ាក់ អូស្ត្រាលី និងបារ៉ែន ចំណែកវៀតណាម ស្ថិតនៅពូល D រួមជាមួយ អារ៉ាប់រួម ហ្ស៊កដានី និងកូរ៉េខាងជើង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628