បាល់ទាត់

ក្លឹបជោគជ័យបំផុតនៅសិង្ហបុរី ប្រកាសដកខ្លួនចេញពីលីគ ក្រោយជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ

ក្នុងរសៀលថ្ងៃនេះ សមាគមបាល់ទាត់សិង្ហបុរី (FAS) បានប្រកាសជាផ្លូវការពីការដកខ្លួនចេញរបស់ក្លឹបជើងឯក៩សម័យកាលនៃលីគកំពូលពួកគេនោះគឺ Warriors FC ដោយសារជួបបញ្ហាវិបត្តិសេដ្ឋកិច្ចមិនអាចទ្រទ្រង់បន្តទៀតបាន។

ដោយសារតែវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់មិនអាចស្រោចស្រង់វិញបាន ពេលនេះថ្នាក់ដឹកនាំក្លឹប Warriors FC បានចេញសេចក្តីប្រកាសជាផ្លូវការមិនចូលរួមក្នុងពានរង្វាន់លីគកំពូលសិង្ហបុរី និងពានរង្វាន់ខាប់សិង្ហបុរី ក្នុងរដូវកាល២០២០ ខាងមុខនេះទេ។

ជារួមទៅ វិបត្តិសេដ្ឋកិច្ចរបស់ក្លឹបមួយនេះបានកើតឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយ ពោលចាប់តាំពីកំឡុងចុងរដូវកាល២០១៨ មកម្ល៉េះ ដោយខាងក្លឹបពុំមានលទ្ធភាពបើកប្រាក់ខែដល់បុគ្គលិក រួមទាំងកីឡាករគ្រប់គ្រាន់តាមកិច្ចសន្យាការងារនោះទេ (ជំពាក់ជារឿយៗ) ។

ខណៈតែស្ថានភាពមិនអំណោយផលស្រាប់ហើយ ខាងក្រុមការងារបុគ្គលិករបស់ក្លឹបនេះមួយចំនួនក៏បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការឲ្យជួយដោះស្រាយថែមទៀត ជាហេតុធ្វើឲ្យក្លឹបត្រូវបានតុលាការប្រទេសសិង្ហបុរី សម្រេចដាក់ពិន័យក្នុងនាមជានីតិបុគ្គល (ក្រុមហ៊ុន) ដោយឲ្យមានការបង់ប្រាក់សងជំងឺចិត្តបន្ថែមពីលើប្រាក់ខែគោលដល់ទៅសរុប ៣៥០ ០០០ដុល្លារ ថែមទៀត។ ដូច្នេះគិតរួមមកទល់បច្ចុប្បន្នភាពត្រឹមដំណាច់ឆ្នាំ២០១៩ ក្លឹប Warriors FC ត្រូវបានសន្និដ្ឋានកំពុងជំពាក់បំណុលសរុបប្រមាណ ៨០០ ០០០ដុល្លារ ជាស្ថានភាពមួយមិនងាយស្រោចស្រង់ ទើបសម្រេចដកខ្លួនចេញពីការចូលរួមលីគ និងពានខាប់ជាបណ្តោះអាសន្ន។

រំលឹកមកវិញ Warriors FC គឺជាក្លឹបមានវ័យចំណាស់មួយក្នុងប្រទេសសិង្ហបុរី ដោយមានអាយុ៤៥ឆ្នាំមកហើយគិតតាំងពីការបង្កើតដំបូងឆ្នាំ១៩៧៥។ មកទល់បច្ចុប្បន្នដោយត្រូវបានចាត់ទុកជាក្លឹបជោគជ័យជាងគេនៅក្នុងប្រទេសកូននាគអាស៊ីអាគ្នេយ៍ពីព្រោះ ជាក្លឹបប្រវត្តិសាស្ត្រដែលលើកពានរង្វាន់លីគកំពូលសិង្ហបុរីច្រើនជាងគេ៩សម័យកាល ធ្លាប់លើកពានសិង្ហបុរីខាប់៤សម័យកាល និងពានរង្វាន់បើករដូវកាល៣សម័យកាល រួមជាមួយពានរង្វាន់ដទៃទៀតដែលធ្លាប់មាន ហើយក៏ជាក្លឹបតំណាងប្រទេសពួកគេធ្លាប់បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិច្រើនជាងគេផងដែរដូចជា AFC Championships League, AFC Cup (ជើងឯករង២សម័យកាល) ទៀតសោត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628