បាល់ទាត់

Klopp ថាទោះលើស១៦ពិន្ទុក្តី តែក៏ជឿថា Pep មិនងាយបោះបង់ការប្រជែងពាននោះទេ

ក្លឹបហង្សក្រហម Liverpool កំពុងតែកាន់កាប់កំពូលតារាង Premier League ជាមួយពិន្ទុលើសគេដាច់ទៅហើយ សម្រាប់ពាក់កណ្តាលរដូវកាល២០១៩/២០២០នេះ តែយ៉ាងណាអ្នកចាត់ការទូទៅលោក Jurgen Klopp នៅតែថាស្ថានភាពបច្ចុប្បន្នគឺ អាចមានការប្រជែងយកពានពីក្លឹបដទៃបានជាពិសេសក្លឹបការពារតំណែងជើងឯក Manchester City ។

បុរសកំពុងជួយឲ្យ Liverpool ជោគជ័យខ្លាំង លោក Jurgen Klopp បានលើកឡើងក្រោយការដឹកនាំប្រកួតឈ្នះពីយប់មិញថាៈ

៉ ពួកយើងគ្រប់គ្នាដឹងច្បាស់អំពីស្ថានភាពលីគបច្ចុប្បន្ន តែខ្ញុំពុំមានអារម្មណ៍អស្ចារ្យអ្វីនោះទេ។ ពួកយើងត្រូវតែព្យាយាមបន្តទៀតដើម្បីទទួលបានតំណែងជើងឯក។ ពេលនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ពួកយើងត្រូវបន្តបែបនេះទៀត។ ខ្ញុំជឿថាលោក Pep (អ្នកចាត់ការទូទៅរបស់ Manchester City) គាត់មិនមែនជាមនុស្សងាយបោះបង់ការប្រកួតប្រជែងនោះទេ។ ប្រសិនបើជាខ្ញុំ ក៏ធ្វើដូចគាត់ដូច្នេះដែរ។  ៉

គួរឲ្យដឹងថា ក្រោយដឹកនាំ Liverpool យកឈ្នះលើ Tottenham Hotspur កាលពីយប់មិញក្នុងលទ្ធផល ១ទល់០ មកពេលនេះធ្វើឲ្យក្លឹបជើងឯក FIFA Club World Cup ថ្មីថ្មោងនេះ កាន់កាប់កំពូលតារាងលីគកំពូលអង់គ្លេសមានពិន្ទុលើសដល់ទៅ១៦ពិន្ទុ ពីក្រុមទី២ Leicester City ខណៈនៅសល់មួយប្រកួតទៀតក្នុងដៃផងនោះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628