បាល់ទាត់

Ole ផ្តាំ Greenwood ឲ្យពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀត ចាំគិតដល់ជម្រើសតាមពេលក្រោយ

ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood កំពុងបានបញ្ចេញសមត្ថភាពបានល្អ និងទាក់ទាញចំណាប់អារម្មណ៍អ្នកទស្សនាជាខ្លាំងក្នុងរដូវកាលនេះឲ្យ Manchester United ប៉ុន្តែយ៉ាងណាអ្នកចាត់ការទូទៅលោក Ole Gunnar Solsjkaer បានផ្តល់យោបល់ថាមិនទាន់គ្រប់គ្រាន់នៅឡើយ ដោយត្រូវព្យាយាមបន្ថែមទៀតមុនគិតគូដល់ជម្រើសជាតិអង់គ្លេស។

ខ្សែប្រយុទ្ធវ័យទើប១៨ឆ្នាំខាងលើ រកបាន៩គ្រាប់ក្នុងគ្រប់ការប្រកួតទាំងអស់ឲ្យក្លឹបបិសាចក្រហម Manchester United ក្នុងរដូវកាលនេះ ក្រោយទទួលបានទំនុកចិត្តខ្ពស់ពីលោក Ole Gunnar Solsjkaer ។ តាមរយៈការបង្ហាញសមត្ថភាពគួរឲ្យកត់សម្គាល់ គួបផ្សំនៅមានវ័យក្មេងទៀតនោះ ត្រូវបានទស្សនិកជន ជាពិសេសអ្នកគាំទ្រជម្រើសជាតិអង់គ្លេសបានបញ្ចេញមតិចង់ឃើញកីឡាកររូបនេះនៅក្នុងឈុតធំជម្រើសជាតិ។

ពាក់ព័ន្ធនឹងពាក្យទាំងអម្បាលមាននេះអ្នកចាត់ការទូទៅ ឬ ថាជាគ្រូផ្ទាល់ជួយលើកយុវជនរូបនេះលោក Ole Gunnar Solsjkaer បានបញ្ចេញទស្សនៈជាយោបល់ថាៈ

៉ សម្រាប់ខ្ញុំគិតថា Mason Greenwood គឺនៅមានរយៈពេលវែងអន្លាយទៀត។ ការព្យាយាមរបស់រូបគេ សម្រាប់ពួកយើងគឺខ្ញុំទទួលស្គាល់សមត្ថភាពនេះ។ Mason Greenwood មានការព្យាយាមអភិវឌ្ឍខ្លួនបានល្អ។ បច្ចុប្បន្នរូបគេក៏ត្រូវបានជ្រើសរើសចូលក្នុងឈុត U21 នៃក្រុមជម្រើសជាតិអង់គ្លេសដូចគ្នា។ តាមយោបល់ខ្ញុំ Mason Greenwood មិនគួរទាន់គិតគូចម្បងលើឈុតធំជម្រើសជាតិគេឡើយ ប៉ុន្តែត្រូវព្យាយាមអភិវឌ្ឍន៍សមត្ថភាពខ្លួនឯងថែមទៀត ពីព្រោះនេះគឺគ្រាន់តែជារដូវកាលដំបូងរបស់រូបគេប៉ុណ្ណោះ។   ៉ 

ខ្សែប្រយុទ្ធកម្ពស់១.៨១ម៉ែត្ររូបនេះ ត្រូវបានតម្លើងមកឈុតធំកាលពីរដូវកាលមុន ខណៈក្នុងរដូវកាលនេះបង្ហាញខ្លួនសរុប២៦លើក រកបានដល់ទៅ៩គ្រាប់ ខណៈក្នុងជម្រើសជាតិអង់គ្លេសវិញក្នុងឆ្នាំ២០១៩ កន្លងទៅថ្មីៗ ក៏ត្រូវបានកោះហៅចូលក្នុងជម្រើសជាតិឈុត U18 និង U21 ផងដែរ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628