បាល់ទាត់

រឿងពិតមួយ: ក្លឹប Watford ធ្លាប់ច្រានចោលសំណើចង់មកដឹកនាំរបស់គ្រូបង្វឹកថ្មី Barcelona ខែមុននេះ

ក្លឹបយក្សអេស្ប៉ាញ FC Barcelona  បានប្រកាសតែងតាំងលោក Quique Setien ជាគ្រូបង្វឹកថ្មីរបស់ពួកគេ ក្រោយពីការសម្រេចចែកផ្លូវជាមួយលោក Ernesto Valverde ។ ខណៈគ្រូបង្វឹកថ្មីរូបនេះ ទើបតែត្រូវក្លឹបលីគអង់គ្លេស Watford ធ្វើការច្រានចោលសំណើគាត់ថ្មីៗ នេះប៉ុណ្ណោះ។

យោងតាមប្រភពពី Evening Standard បានទម្លាយឲ្យដឹងថាបុរសសញ្ជាតិអេស្ប៉ាញវ័យ៦១ឆ្នាំខាងលើ កាលពីកំឡុងដើមខែធ្នូ ឆ្នាំ២០១៩ រូបគាត់ ធ្លាប់បានដាក់ពាក្យទៅកាន់ក្លឹប Watford ក្នុងគោលដៅចូលទៅជួយស្រោចស្រង់ស្ថានភាពក្លឹប ប៉ុន្តែត្រូវបានខាងក្លឹប Watford បដិសេធពាក្យរបស់គាត់ទៅវិញ។

រំលឹកបន្តិច! នាគ្រានោះក្លឹបក្របខណ្ឌ Premier League ទើបតែបណ្តេញគ្រូរបស់ពួកគេលោក Quique Sanchez Flores ពីតំណែងដូចគ្នា ជាហេតុនាំឲ្យលោក Quique Setien សម្រេចដាក់ពាក្យចង់ជំនួសកៅអីនេះ។ បច្ចុប្បន្នក្លឹបនេះកំពុងស្ថិតនៅលេខរៀងទិ១៧ នៃក្របខណ្ឌលីគកំពូលអង់គ្លេស និងមានតែ១ពិន្ទុពីលើតំបន់កាត់ចេញប៉ុណ្ណោះ។

យ៉ាងណា! ពេលនេះលោក Quique Setien បានក្លាយជាគ្រូបង្វឹករបស់ក្លឹប FC Barcelona ទៅហើយ។ រូបគាត់ធ្លាប់មានប្រវត្តិដឹកនាំក្លឹបអេស្ប៉ាញដូចជា Las Palmas និង Real Betis ជាដើម ខណៈភារកិច្ចដំបូងរបស់លោកក្នុងការដឹកនាំ FC Barcelona នេះគឺត្រូវតទល់នឹង Granada ក្នុងក្របខណ្ឌ La Liga នាថ្ងៃអាទិត្យ ឆ្លងចូលព្រឹកថ្ងៃច័ន្ទ វេលាម៉ោង៣ៈ០០ភ្លឺ (ម៉ោងនៅកម្ពុជា) ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628