បាល់ទាត់

AFC ដាក់ពិន័យគ្រូជម្រើសជាតិវៀតណាមមិនឲ្យដឹកនាំ៤ប្រកួត រួមនឹងទឹកប្រាក់៥ពាន់ដុល្លារ

គ្រូបង្វឹកជម្រើសជាតិវៀតណាម លោក Park Hang Seo ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ដាក់ពិន័យមិនអនុញ្ញាតិឲ្យចូលទីលានដឹកនាំការប្រកួតជាកម្រិតអន្តរជាតិនានា ក្រោយពីការប៉ះទង្គិចជាមួយមន្ត្រីអាជ្ញាកណ្តាលកាលពីក្នុងព្រឹត្តិការណ៍ SEA Games កន្លងមក។

ការដាក់ពិន័យពី AFC ក្រោមហេតុផលដោយចោទប្រកាន់បុរសជនជាតិកូរ៉េខាងត្បូងនេះបានប្រព្រឹត្តកាយវិការ និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យលើមន្ត្រីអាជ្ញាកណ្តាលលើទីលាន ក្រោយពីការប៉ះទង្គិចគ្នាក្នុងការប្រកួតនៅព្រឹត្តិការណ៍កីឡាចម្រុះអាស៊ីអាគ្នេយ៍ (SEA Games) ឆ្នាំ២០១៩ កន្លងទៅនៅប្រទេសហ្វីលីពីន។

យោងតាមការចេញផ្សាយរបស់ AFC តែម្តង លោក Park Hang Seo នឹងត្រូវអវត្តមានក្នុងការប្រកួតផ្លូវការ ឬ មិត្តភាពអន្តរជាតិនានាចំនួន៤ប្រកួតពីក្នុងទីលាន និងបន្ថែមពីនេះរូបគាត់នឹងត្រូវបង់ប្រាក់ចំនួន ៥ ០០០ដុល្លារថែមទៀតទុកជាការព្រមាន។

យ៉ាងណាក្តី! ក្នុងព្រឹត្តិការណ៍ SEA Games ឆ្នាំ២០១៩ កន្លងទៅមកនេះ វៀតណាម U22 ក្រោមការដឹកនាំរបស់បុរសវ័យ៦១ឆ្នាំរូបនេះ បានគ្រងតំណែងមេដាយមាស (ជើងឯក) ៕

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628