កីឡាផ្សេងទៀត

ជប៉ុនៈ ព្រឹត្តិការណ៍អូឡាំពិក២០២០ នឹងដំណើរការតាមគម្រោង ទោះមានការបារម្ភជំងឺ COVID19 ក្តី

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅឆ្នាំ២០២០ ដែលមានប្រទេសជប៉ុនជាម្ចាស់ផ្ទះបានប្រកាសប្រកាន់គោលជំហររក្សាការរៀបចំតាមគម្រោងដដែល បូកផ្សំដោយការយកចិត្តទុកដាក់ថែមមួយកម្រិតទៀតពីរដ្ឋាភិបាលជប៉ុនផ្ទាល់ ដើម្បីរួមគ្នាទប់ស្កាត់នៃជំងឺឆ្លង Coronavirus ថ្មីដែលកំពុងធ្វើឲ្យពិភពលោកមានការខ្លាចរអានោះ។

បច្ចុប្បន្នការកើនឡើងនៃចំនួនអ្នកបាត់បង់ជីវិតដល់ទៅជាង ១ ៣៥០នាក់ជាពិសេសនៅប្រទេសចិនផ្ទាល់ ដែលជាទីកន្លែងផ្ទុះនូវមេរោគជំងឺ Coronavirus ឬ ត្រូវបានអង្គការសុខភាពពិភពលោកដាក់ឈ្មោះថា COVID-19 ។

ទោះជាយ៉ាងនេះក្តី! ប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២០ លោក Yoshiro Mori ក្នុងថ្ងៃនេះបានចេញមុខប្រកាសជាជំហរយ៉ាងមុតមាំថាៈ

៉ ពួកយើងទទួលស្គាល់អំពីជំងឺដែលបានកើតឡើងចេញពីប្រភពតំបន់ Hubei ប្រទេសចិន។ វាពិតជាធ្វើឲ្យពិភពលោកមានការបារម្ភពិតមែន។ តែក្នុងថ្ងៃនេះខ្ញុំចង់បញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អូឡាំពិករដូវកាលក្តៅឆ្នាំ២០២០ មិនមានអ្វីប្រែប្រួលនោះទេ។ លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានអនុញ្ញាតិឲ្យបង្កើតក្រុមការងារបន្ថែមដើម្បីចូលរួមត្រួតពិនិត្យតាមព្រំដែនតឹងរុឹងដើម្បីទប់ស្កាត់នូវជំងឺ COVID-19 នេះ។ គណៈកម្មការរៀបចំព្រឹត្តិការណ៍អូឡាំពិកទាំងមូល នឹងព្យាយាមបន្តសហការជាមួយរដ្ឋាភិបាលជប៉ុន នឹងរៀបចំកម្មវិធីនេះឲ្យដំណើរការដោយរលូន។  ៉ 

បញ្ជាក់ផងថា ព្រឹត្តិការណ៍កីឡាករអូឡាំពិកឆ្នាំនេះ នឹងរៀបចំឡើងនៅទីក្រុងតូក្យូ ដែលចាប់ប្រព្រឹត្តដំណើរការពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះដោយមានតំណាង២០៦ប្រទេសជុំវិញពិភពលោកចូលរួម និងមានអត្តពលិកយ៉ាងច្រើន ១១ ០៩១នាក់ ខណៈមានការបែងចែកជា៣៣កីឡា និង៣៣៩វិញ្ញាសារ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628