បាល់ទាត់

លោក Park សុខចិត្តត្រឡប់ពីវិស្សមកាលខ្លួនមុនពេលកំណត់ ដើម្បីតាមដានកីឡាករ ត្រៀមជម្រុះវើលខាប់

គ្រូបង្គោលជម្រើសជាតិវៀតណាម លោក Park Hang Seo បានវិលត្រឡប់ពីវិស្សមកាលរបស់ខ្លួននៅប្រទេសកំណើតមុនពេលកំណត់ ព្រោះមានគោលបំណងចង់បន្តតាមដានកីឡាករ ដើម្បីត្រៀមកោះហៅចូលប្រកួតជម្រុះព្រឹត្តិការណ៍ FIFA World Cup 2022 និង AFC Asia Cup 2023 ។

បើតាមការចេញផ្សាយរបស់កាសែត TheThao247 បានឲ្យដឹងថា តាមគម្រោងនៃវិស្សមកាលរបស់សហព័ន្ធបាល់ទាត់វៀតណាម ផ្តល់ឲ្យបុរសវ័យ៦០ឆ្នាំនេះ ត្រឡប់ទៅលេងប្រទេសកូរ៉េខាងត្បូង (ប្រទេសកំណើតលោក) នឹងត្រូវត្រឡប់មកវិញនាថ្ងៃទី២០ ខែកុម្ភៈ ប៉ុន្តែស្ថានភាពជាក់ស្តែង រូបលោកបានវិលមកវិញតាំងពីថ្ងៃទី១៥ ខែកុម្ភៈ ២ថ្ងៃមុនមកម្ល៉េះ។

បើតាមប្រភពដដែល ការវិលត្រឡប់មកវិញមុនពេលកំណត់លោក Park Hang Seo បានស្នើបើកការពិភាក្សាភ្លាមៗ ជាមួយមន្ត្រីសហព័ន្ធបាល់ទាត់វៀតណាម និងក្រុមការងាររបស់លោកលើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិវៀតណាម លេងប្រកួតវគ្គជម្រុះ FIFA World Cup 2022 និង AFC Asia Cup 2023 បន្តទៀត។

ក្រៅពីនេះ រូបលោកនឹងត្រៀមខ្លួនបង្ហាញវត្តមានក្នុងកីឡដ្ឋាននៃការប្រកួតលីគកំពូលវៀតណាម ដែលនឹងឈានចូលត្រឡប់មកវិញដើមខែមីនា នេះទៀតសោតដើម្បីតាមដានសមត្ថភាពកីឡាករផ្ទាល់លើទីលាន។

បើតាមកាលវិភាគ វៀតណាម នឹងត្រូវធ្វើជាម្ចាស់ផ្ទះប្រកួតមិត្តភាពទល់ជម្រើសជាតិអឺរ៉ាក់ នាថ្ងៃទី២៦ មុនឈានការប្រកួតផ្លូវការមកដល់ ដោយត្រូវធ្វើដំណើរទៅកាន់ទឹកដីម៉ាឡេស៊ី នាថ្ងៃទី៣១ ក្នុងខែមីនា ឆ្នាំ២០២០ ខាងមុខ។ យ៉ាងណាក្តី! សម្រាប់ប្រកួតមិត្តភាពដំបូងនោះ លោក Park Hang Seo ពុំត្រូវបានអនុញ្ញាតិឈរបញ្ជាកូនក្រុមលើទីលានឡើយ ដោយត្រូវរងពិន័យរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) ក្រោយការបញ្ចេញកាយវិការ និងពាក្យសម្តីមិនសមរម្យលើមន្ត្រីអាជ្ញាកណ្តាលនាពេលកន្លងមក៕

 

 

Most Popular

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 066555628